(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន៩។
អង្គកឋិនទានដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាឱកាសនេះ បានវេរប្រគេនព្រះសង្ឃគង់ចំាព្រះវស្សានៅក្នុងវត្តចំនួន៩ នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង រួមមាន៖ វត្តសុវណ្ណរាម វត្តជោតិវន្ត វត្តជោត្តិរតនរាម វត្តបុទមព្រឹក្សា វត្តតាសួស វត្តវិសប្បសិនារាម វត្តឥន្ទសាល វត្តព្រៃអង្គរក្រៅ និងវត្តសិលារង្សី។
អង្គកឋិកទាននេះ មានការចូលរួមពីសំណាក់បុត្រាបុត្រីកូនចៅ រួមនឹងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរដែនដី បានប្រមូលបច្ច័យសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តទំាង៩ បន្តទៀតផងដែរ។
ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា ហើយ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាសមាជិក សមាជិកា ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សនិស្សិត បងប្អូនប្រជាពលរដ្ឋដែល មានសទ្ធាជ្រះថ្លារួមគ្នាបង្កើតឱ្យមានបុណ្យកឋិនទានថ្ងៃនេះឡើងក្នុងការទ្រទ្រង់វិស័យព្រះសាសនា និងជាការបង្ហាញឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នា ឯកភាព ក្រោមដំបូលសុខសន្តិភាព។
សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមប្រគេនពរ និងជូនពរដែលកើតចេញពីបុណ្យកឋិនទាននាឱកាសនេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទំាងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕