តំបន់ភ្នំមួយចំនួន ក្នុងខេត្តបាត់ដំបង មានអាយុកាលរាប់លានឆ្នាំ
———————————
តំបន់ភ្នំ១៥០ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅជាប់ពីអាងកំពីងពួយ។ តំបន់ភ្នំនេះមានភ្នំមួយចំនួននៅផ្តុំគ្នា ដូចជាភ្នំកំពីងពួយ(ភ្នំព្រះ) ភ្នំកែវ និងភ្នំ១៥០ ដែលជាតំបន់ភ្នំថ្មកំបោរ មានប្រវែងប្រមាណ១០គីឡូម៉ែត្រ។
អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលបឋមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាច្រើនទីតាំង។ ក្នុងនោះក្រុមអ្នកជំនាញ បានកំណត់ទីតាំងស្ថានីយផូស៊ីលសត្វសមុទ្រ នៅតំបន់ភ្នំ១៥០ នៅខេត្តបាត់ដំបង។
នៅទីតាំងកាយយកអាចម៍ដីនេះ ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញផូស៊ីលខ្យង ផូស៊ីលផ្កាថ្មសំបុកឃ្មុំ (រូបលេខ៥) នៅរាយប៉ាយ។ ចំណែកនៅទីតាំងមួយទៀតនៅវត្តភ្នំព្រះ ផូស៊ីលផ្កាថ្មសំបុកឃ្មុំ ដែលមានទំហំប្រមាណ៥០ស.ម។
តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញថាតំបន់ភ្នំមួយចំនួនក្នុងខេត្តបាត់ដំបង គឺជាតំបន់ភ្នំមានថ្មកំបោរដែលមានអាយុកាលស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។
#សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា
#តំបន់ការពារធម្មជាតិ