បាល់ទាត់៖ ខ្សែប្រយុទ្ធន័រវេស រឺហៅថាម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland បានបន្តកត់ត្រាស្ថិតិអស្ចារ្យរបស់ខ្លួនជាមួយ Manchester City បន្ទាប់ពីរកបាន ២គ្រាប់ទៀតក្នុងជ័យជំនះ ៥-០ លើ Copenhagen ក្នុងពូល G ក្របខណ្ឌ UEFA Champions League។
បន្ទាប់ពី Hat-Trick ពេលយកឈ្នះ Manchester United ៦-៣ កាលពីថ្ងៃសៅរ៍ អតីតខ្សែប្រយុទ្ធ Dortmund រូបនេះមាន ១៧គ្រាប់បាត់ទៅហើយក្នុងការបង្ហាញខ្លួន ១១លើក ខណៈពីរគ្រាប់បន្ថែមយប់មិញគឺជាគ្រាប់ទី១៩ ក្នុងការបង្ហាញខ្លួនត្រឹម ១២លើកប៉ុណ្ណោះនៅ Man City។ មួយគ្រាប់ចូលទីខ្លួនឯងរបស់ Copenhagen និងពីរគ្រាប់ទៀតធ្វើបានដោយ Riyad Mahrez និង Julian Alvarez ធ្វើឱ្យក្រុមរបស់លោក Pep Guardiola មាន ៩ពិន្ទុពេញពីជ័យជំនះ ៣ប្រកួតនៅក្នុងពូល G នេះ។
ចំណែកឯ Dortmund រកបានបីពិន្ទុលើកទី២ របស់ខ្លួនតាមរយៈជ័យជំនះនៅទឹកដីអេស្ប៉ាញរបស់ Sevilla ៤-១។ ខ្សែបម្រើអង់គ្លេស Jude Bellingham ស៊ុតបញ្ចូលទីមួយគ្រាប់ និងបញ្ជូនមួយក្នុងចំណោម ៤គ្រាប់របស់ Dortmund។ កីឡាករវ័យ ១៩ឆ្នាំរូបនេះគឺជាក្រុមប្រធានក្រុមរបស់ Dortmund ដែលធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុតទី៣ ក្នុងប្រវត្តិសាស្ត្រ UCL ដែលធ្វើជាប្រធានក្រុមក្នុងវ័យ ១៩ឆ្នាំ ៩៨ថ្ងៃ តាមពីក្រោយ Ruben Neves នៅ Porto អាយុ ១៨ឆ្នាំ ២២១ថ្ងៃ និង Matthijs de Ligt អាយុ ១៩ឆ្នាំ ៥១ថ្ងៃនៅ Ajax កាលពីឆ្នាំ២០១៨។ បីពិន្ទុនេះធ្វើឱ្យ Dortmund ឈរលេខ២ ក្នុងពូលមាន ៦ពិន្ទុ ខណៈ Sevilla និង Copenhagen កាន់ ១ពិន្ទុដូចគ្នា៕