(ភ្នំពេញ)៖ នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា បានសន្យាខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំជាមួយកម្ពុជា។
ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភាកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅកម្ពុជា។ សម្តេចជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ជាខ្លាំងដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមក ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការចូលរួមសោកស្តាយចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលទទួលរងគ្រោះ និងគ្រោះមហន្តរាយខូចខាតដែលបង្កឡើងដោយព្យុះសង្ឃរា Hurricane Ian កាលពីសប្តាហ៍មុន។
ក្នុងឱកាសនោះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានរំលឹកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ តាំងពីឆ្នាំ១៩៥៩មក ជាពិសេសទំនាក់ទំនងដ៏ល្អប្រពៃរវាងថ្នាក់ដឹកនាំគុយបា និងសម្តេចព្រះបរមរតនកោដ្ឋ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរផងដែរ។ ក្នុងនោះដែរនាពេលថ្មីៗនេះ សម្តេចតេជា ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាក្នុងឱកាសនេះ គឺជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
លោកនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងម៉ាំថែមទៀត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជកម្ម។
លោកបានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជំនួយជាអង្ករ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនគុយបា។ តាមរយៈដណើរទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបានាពេលខាងមុខ។ ជាមួយគ្នានេះ លោកសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៦០ ដោយសម្តេចព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោក ហ្វីដែល កាស្រ្តូ ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋគុយបា។ ប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទៅវិញទៅមក និងគាំទ្រគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សាធារណរដ្ឋគុយបាបានគាំទ្រខាងនយោបាយ វិស័យអប់រំ និងវិស័យសុខាភិបាលដល់ប្រទេសកម្ពុជានៅក្នុងកាលៈទេសៈលំបាកបំផុត ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្រោមការហ៊ុំព័ន្ធនៃសេដ្ឋកិច្ច និងនយោបាយពីខាងក្រៅ។ ប្រទេសកម្ពុជាក៏បានគាំទ្រប្រទេសគុយបាក្នុងការប្រឆាំងចំពោះការហ៊ុំព័ន្ធសេដ្ឋកិច្ចប្រទេសគុយបា តាមរយៈការដាក់ទណ្ឌកម្មនានា ដោយអយុត្តិធម៌ ដែលនេះសរបញ្ជាក់អំពីការរំលោភសិទ្ធិរបស់ប្រជាជនគុយបា និងរំលោភលើច្បាប់អន្តរជាតិ។ ការជួយគាំទ្រគ្នាទៅវិញទៅមកនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានគាំទ្រឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តអនុវត្តនូវយន្តការដែលមានស្រាប់ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ និងអនុវត្តឱ្យបានពេញលេញនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេចយល់ថា ប្រទេសទាំងពីរគួរគប្បីខិតខំទាញយកផលប្រយោជន៍ពីសក្តានុពលនៃយន្តការ និងកិច្ចព្រមព្រៀងខាងលើឱ្យបានច្រើនជាអតិបរមា ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញតិ្តរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ និងសមាជិកសភានៃសភាប្រទេសទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា រួមមាន៖ សន្និសីទតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ICAP) និងសហភាពអន្តរសភា (IPU)។ តាមរយៈ លោកនាយករដ្ឋមន្រ្តី សម្តេចមានបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងរដ្ឋសភាអំណាចប្រជាជនគុយបា។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការកោតសសើរ និងអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលរដ្ឋាភិបាល និងប្រជាជនគុយបាសម្រេចបានក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានប្រសិទ្ធពរជូនប្រជាជន និងសាធារណរដ្ឋគុយបាបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរួមចំណែក ដល់វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
តាមរយៈលោកនាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា ស្នើពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តី គោរពរាប់អានដ៏ខ្ពង់ខ្ពស់ ជូនចំពោះ ប្រធានរដ្ឋសភាអំណាចប្រជាជនគុយបា និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋគុយបាទាំងអស់។ សម្តេចបានប្រសិទ្ធពរជូន លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវភាពរីករាយក្នុងឱកាសស្នាក់នៅលើទឹកដីកម្ពុជា៕