ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាមួយដើម្បីផ្តល់នូវពុទ្ធិ និងព័ត៌មានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ អំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការសហការអនុវត្តរវាង គ.ល.ក. និងអាជ្ញាធរសាធារណៈពាក់ព័ន្ធ លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅថ្ងៃទី ៤ខែតុលា ឆ្នាំ ២០២២នេះថា ជាទិដ្ឋភាពគតិយុត្តិ, ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង នៅកម្ពុជាដែលត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្តល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក, មុនពេលដែលច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន, រាជរដ្ឋាភិបាលមានយន្តការគ្រប់គ្រងវិស័យនេះ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តិមួយចំនួនដូចជា៖ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង, សេចក្តីសម្រេច និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល, ប្រកាសអន្តរក្រសួង និង សៀវភៅបន្ទុក ជាដើម ។
ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអនុញ្ញាតឱ្យមានការគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានេះដែរ, ដើម្បីធានាភាពរឹងមាំ, តម្លាភាព, សុចរិតភាព និងគណនេយ្យភាព របស់ប្រតិបត្តិការមណ្ឌលល្បែងពាណិជ្ជកម្ម, ច្បាប់នេះក៏បានកំណត់អំពីលក្ខណៈសម្បត្តិ របស់បុគ្គលជាកម្មសិទ្ធិករ ឬប្រតិបត្តិករ ដោយផ្តោតសំខាន់លើធនធានហិរញ្ញវត្ថុ, សមត្ថភាពធុរកិច្ច, គុណវុឌ្ឍរបស់អ្នកកាន់កាប់អាជ្ញាបណ្ណ, ការពង្រឹងសមត្ថភាពស្ថាប័ន,ការកំណត់អំពីប្រភេទអាជ្ញាបណ្ណ, ដែនកំណត់នៃការលេងល្បែង, ការកំណត់អំពីចំណូលកាតព្វកិច្ច, វិធានការនៃការផ្សះផ្សារ និងដោះស្រាយវិវាទ, និងការដាក់ទណ្ឌកម្មជាដើម ៕