ភ្នំពេញ៖ សម្ដេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ការផ្ដល់បណ្ណក្រីក្រជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល មិនជាការឃោសនាបោះឆ្នោតនោះឡើយ ខណៈការផ្តល់នេះគឺដើម្បីលើកកម្ពស់ជីវ ភាពរបស់ពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល។
ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃ ទី៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ តីបានបញ្ជាក់ថា មានបុគ្គលមួយចំនួនតូច បានរិះគន់សម្តេច ជុំវិញការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក ប្រៀបដូចការឃោសនាបោះឆ្នោតមុនរយៈពេលកំណត់ដែលផ្ទុយនឹងច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែតុលា កន្លងទៅថ្មីៗនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្ដេចសម្រេចប្រគល់បណ្ណសមធម៌(បណ្ណក្រីក្រប្រភេទ១)ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមករស់នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានកាន់បណ្ណក្រីក្រប្រភេទទី២ ដែលបានរុះរើមករស់នៅតំបន់រុនតាឯក ត្រូវប្តូរយកបណ្ណសមធម៌ (បណ្ឌក្រីក្រប្រភេទ១) ទាំងអស់គ្នា ខណៈចំណូលដែលទទួលបានពីបណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត៕