(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងការពារជាតិកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែកន្លងមក និងលើកទិសដៅបន្តសម្រាប់ការអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២២នេះ។
កិច្ចប្រជុំនេះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ និងអង្គភាពក្រោមចំណុះនានា។
អង្គប្រជុំបានចាប់ផ្តើមជាមួយនឹងពាក្យថា «អរគុណសន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ និង ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ»។ បន្ទាប់មកក៏មានការបង្ហាញរបាយការណ៍អំពីការអនុវត្តការងាររយៈពេល៩ខែកន្លងមក។
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់ឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់។
លោកបានបញ្ជាក់ថា សម្រាប់សភាពការណ៍នៅតាមតំបន់ព្រំដែន រយៈពេល៩ខែមកនេះ គឺស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់ ដោយកងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ ខណៈដែលសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសមានភាពល្អប្រសើរ។
កងយោធពលខេមរភូមិន្ទ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារសន្តិសុខសុវត្ថិភាពថ្នាក់ដឹកនាំ ការពារសន្តិសុខជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលត្រូវបានមជ្ឈដ្ឋានជាតិអន្តរជាតិ វាយតម្លៃថា មានលក្ខណៈប្រជាធិបតេយ្យ មានតម្លាភាព ស្ងប់ស្ងាត់ សន្តិភាព និងអហិង្សាផងដែរ។
លោកបានបន្ថែមថា ក្រសួងការពារជាតិ បានបន្តធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយបានបន្តធ្វើការកែសម្រួល និងបង្កើតក្របខ័ណ្ឌមួយចំនួនស្របតាមតម្រូវការចាំបាច់ ព្រមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ តាមយុទ្ធសាស្ត្រ«ផ្ការីក» ដោយទទួលបានលទ្ធផលល្អ និងទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាល។
ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំនេះ ក្រសួងការពារជាតិ បានចាត់តាំងការប្រជុំជាបន្តបន្ទាប់ ពិសេសការប្រជុំដោយផ្ទាល់ដែលអាក់ខានរយៈពេល២ឆ្នាំ កន្លងមកនាំឲ្យមានការអបអរគាំទ្រ និងកោតសរសើរខ្ពស់ពីសមាជិកអាស៊ាន និងអាស៊ានបូក ដូចជា៖ កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ និងកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនជាដើម។
នាយឧត្តមសេនីយ៍បន្តថា ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ក៏បានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗដែលមានការទទួលស្គាល់ពីមន្ត្រី UN នានា នៅក្នុងតំបន់បេសកកម្ម។ បើផ្អែកតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ នាចុងឆ្នាំ២០២១ កម្ពុជាទទួលបានលំដាប់លេខ ២៨/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ឯការចូលរួមរបស់នារីទទួលបានលំដាប់លេខ១៣/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ចំណែកនៅក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ ៣ ឯការចូលរួមរបស់ នារីបន្តទទួលបានលំដាប់លេខ២។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ និងមតិយោបល់របស់បណ្តាស្ថាប័នអង្គភាពក្រោមចំណុះក្រសួងការពារជាតិរួចមក នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះនានា ដែលបានខិតខំអនុវត្តការងារបានយ៉ាងល្អប្រសើរកន្លងមក។
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអង្គប្រជុំ ក៏បានបង្ហាញទិសដៅការងារសម្រាប់ត្រីមាសបន្តទៀត ដោយចែកចេញជាបីចំណុចធំៗដូចជា កិច្ចការងារសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល៩ខែ, ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗដែលគួរយល់ដឹងក្នុងពេលកន្លងមកនេះ និងកិច្ចការសំខាន់ៗដែលត្រូវអនុវត្ត។
កិច្ចការសំខាន់ៗដែលត្រូវអនុវត្តបន្តរបស់ក្រសួងការពារជាតិរួមមាន ៤ចំណុចធំៗដូចជា៖ ១៖ ការចូលជាវាគ្មិនកិត្តិយសក្នុងសន្និសិទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ ក្រសួងការពារជាតិ, ២៖ ការត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ាន ៣៖ ការប្រុងប្រៀបក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, ៤៖ការប្រុងប្រៀបសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំក្រោយ ២០២៣។
លោកអះអាងថា បន្ទាប់ពីបានសាងសង់វិមានឈ្នះឈ្នះ ដែលជាសមិទ្ធផលសំខាន់របស់កម្ពុជា សម្តេចពិជ័យសេនា បានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការសាងសង់ស្តូបវិមានឈ្នះឈ្នះ ក្នុងនោះបាននិងកំពុងការសាងសង់បន្ថែមចំនួន៣ទីតាំងទៀត ទី១.នៅខេត្តកោះកុង, ទី២.នៅខេត្តឧត្តរមានជ័យ និងទី៣.នៅខេត្តប៉ៃលិនផងដែរ។
នាយឧត្តមសេនីយ៍ នាង ផាត ប្រធានអង្គប្រជុំ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ អំពីសមិទ្ធផលថ្មីៗរបស់ ក្រសួងការពារជាតិ ដោយក្នុងនោះមានការសាងសង់ និងកសាងបន្ថែមនៅតំបន់ប្រវត្តិសាស្ត្រ X16 និងការកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំដំរីករាយ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាពីសាធារណរដ្ឋសង្គមនិយមវៀតណាម ការសាងសង់ទីបញ្ជាការអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ជាដើម៕