កូរ៉េខាងត្បូង៖ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកដែលមិនត្រូវបានបញ្ជាក់ ចូលទៅកាន់សមុទ្រភាគខាងកើតនៅថ្ងៃសៅរ៍នេះ ជាការកត់សម្គាល់ការបាញ់មីស៊ីលលើកទី៤ របស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ខណៈប្រទេសនេះបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
ការបាញ់បង្ហោះនេះធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកត្រីភាគីកាលពីថ្ងៃសុក្រជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំមកនេះ និងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris ទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ។ ឆ្មាំសមុទ្ររបស់ជប៉ុនបានរាយការណ៍ថា យ៉ាងហោចណាស់មានការសាកល្បងមីស៊ីលបាលីស្ទីក ដែលសង្ស័យចំនួន ២លើកដោយទីក្រុងព្យុងយ៉ាង។ ប្រព័ន្ធផ្សព្វផ្សាយ NHK បានដកស្រង់ប្រភពរដ្ឋាភិបាលដែលបាននិយាយថា មីស៊ីលទី២ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
កូរ៉េខាងជើងបានបាញ់មីស៊ីល មុន និងក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់កូរ៉េខាងត្បូង ដោយបានបន្ថែមល្បឿនកំណត់ត្រាក្នុងការសាកល្បងអាវុធនៅឆ្នាំនេះ ខណៈប្រទេសនេះបង្កើនការគំរាមកំហែងអំណាចនុយក្លេអ៊ែរ ដែលអាចវាយប្រហារដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ អ្នកវិភាគមើលឃើញថា ការបង្កើនល្បឿននៃការសាកល្បងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអាវុធប្រតិបត្តិការ ព្រមទាំងដើម្បីទាញយកប្រយោជន៍ពីពិភពលោកដែលរងផលប៉ះពាល់ដោយជម្លោះនៅអ៊ុយក្រែន និងវិបត្តិផ្សេងទៀត ដើម្បីធ្វើឱ្យធម្មតាការសាកល្បងមីស៊ីលរបស់ខ្លួន៕