(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ ទៅកាន់ភូមិរុនតាឯក ដែលនឹងធ្វើឡើងនៅថ្ងៃស្អែក។
ជាមួយនឹងដំណើរអញ្ជើញមកដល់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានរំលេចសារនៅលើហ្វេសប៊ុកអំពីភាពមមាញឹកនឹងការងារ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះទាំងការងារនៅក្រៅប្រទេស និងក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេល១០ថ្ងៃចុងក្រោយនេះ សម្តេចបានធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រ។ ការងារនេះនឿយកាយ តែសប្បាយចិត្ត ព្រោះបានបំពេញការងារបម្រើជាតិ និងប្រជាជន។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។
ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ. សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយ
រាប់ម៉ឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។ នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិនិងប្រជាជន»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ទើបនឹងត្រឡប់ពីបំពេញការងារនៅក្រៅប្រទេសរយៈពេល៨ថ្ងៃ ដោយបានអញ្ជើញទៅកាន់ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា បន្ទាប់មកអញ្ជើញចូលរួមបុណ្យសពលោក អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បន្ទាប់ពីបំពេញទស្សនកិច្ចលើដំណើរដ៏វែងឆ្ងាយនោះភ្លាម នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ សម្តេចតេជោ ក៏បានអញ្ជើញជាអធិបតីប្រារព្ធទិវាជាតិអន្តរសាសនាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា សម្តេចតេជោ ក៏បានអញ្ជើញធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរទៅកាន់ភូមិធម្មជាតិរុនតាឯក។
ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនៅថ្ងៃម្សិលមិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចពីភាពមមាញឹកនឹងការងារ និងបានលើកឡើងថា ជានាយករដ្ឋមន្ត្រីសម្តេចគ្មានសិទ្ធិ ឬត្អូញត្អែរនឹងការនឿយហត់ចំពោះការងារនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ថ្ងៃផ្តើមដំណើរតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត បានក្លាយទៅជាឥស្សរជនផ្សារភ្ជាប់នឹងជោគវាសនាជាតិ និងប្រជាជន ហើយបានយកជីវិត កម្លាំងកាយ និងបញ្ញាញាណទាំងមូលទៅពលិកម្ម ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
កិច្ចខិតខំប្រឹងប្រែង និងការលះបង់ដោយឥតលក្ខណ្ឌរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជារួចផុតពីភ្នក់ភ្លើងសង្គ្រាម ងើបចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម ក្លាយជាប្រទេសមានការអភិវឌ្ឍ និងចម្រើនលូតលាស់។ ប្រជាពលរដ្ឋងើបចេញពីភាពវេទនាដោយសារភ្លើងសង្គ្រាម រស់នៅប្រកបដោយសេចក្តីសុខ និងវិបុលភាព៕