បាល់ទាត់៖ ម្ចាស់ផ្ទះកាតាបានដាក់បង្ហាញ និងធ្វើតេស្តសាកល្បងនៃការប្រើប្រាស់រថយន្តក្រុងដឹកអ្នកដំណើរនៅ World Cup 2022 ខែវិច្ឆិកាខាងមុខ នៅពេលប្រទេសដ៏តូចក្នុងតំបន់អារ៉ាប់មួយនេះនឹងទទួលអ្នកគាំទ្របាល់ទាត់ប្រមាណ ១លាន ២សែននាក់។
លោក Thani Al Zarraa ដែលទទួលបន្ទុកមើលការខុសត្រូវ គ្រប់គ្រងលើមធ្យោបាយដឹកជញ្ជូនមនុស្សតាមរថយន្តក្រុងបាននិយាយថា រថយន្តក្រុងប្រមាណ ៤ពាន់គ្រឿងនឹងត្រូវយកមកប្រើប្រាស់សំរាប់ព្រឹត្តិការណ៍បាល់ទាត់ធំជាងគេនៅលើលោកមួយនេះ។ ក្នុងចំណោម ៤ពាន់គ្រឿងនោះមាន ៣ពាន់គ្រឿងទើបទិញថ្មីៗ ហើយក្នុងចំណោមនោះដែរមាន ៧០០គ្រឿងប្រើប្រាស់ថាមពលអគ្គីសនី។ រថយន្តក្រុងទាំងអស់នេះនឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរជាអ្នកគាំទ្រ ពីតំបន់ប្រជុំជនសំខាន់ៗទៅកាន់កីឡដ្ឋានទាំង ៨ និងគោលដៅផ្សេងៗទៀត។
អ្នកជិះរថយន្តក្រុងទាំងនេះនឹងមិនត្រូវគិតប្រាក់ឡើយចំពោះអ្នកគាំទ្រណាដែលមានកាត Hayya ដែលប្រៀបបាននឹងសំបុត្រចូលទស្សនាការប្រកួត។ រាល់ភ្ញៀវទេសចរណ៍ដែលមកកាន់កាតា ទោះបីជាគ្មានគម្រោងមកទស្សនា World Cup ក្តី ត្រូវការចាំបាច់ឱ្យមានកាត Hayya នេះដើម្បីចូលប្រទេសកាតាបានអំឡុងព្រឹត្តិការណ៍ World Cup៕