(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុមលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចង់ឃើញក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ ចូលរួមផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ។
លោកបណ្ឌិតថ្លែងបែបនេះ ក្នុងឱកាសដែលក្រុមប្រឹក្សាធម្មនុញ្ញ ប្រារព្ធអង្គប្រជុំអបអរសាទរទិវារំលឹកខួប ២៩ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសន្និសីទអគារស វិមានរដ្ឋចម្ការមន។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា នៅក្នុងសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតសកល នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដោយបង្កើតបានសភាធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រម ហើយព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជាទទួលយកធម្មនុញ្ញនិយមទំនើប។
ស្ថាបនិកដំបូងបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបដំបូងនៅហ្វែអង់តាដឺណ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ ដែលជាចំណុចចាប់ផ្តើមនៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ពោលគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាននៃការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
លោក អ៉ឹម ឈុនលឹម បានលើកឡើងថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល កើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ បានក្លាយជាមូលដ្ឋានគតិយុត្តដ៏ រឹងមាំសម្រាប់កសាងកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋាន បង្កនូវកម្លាំងជំរុញរួមគ្នា នៃគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ធ្វើឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករប្រកបដោយថាមពល អាចដោះស្រាយបញ្ហានានា របស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបញាំងឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានក្លាយជារដ្ឋធម្មនុញ្ញ ដែលមានអត្ថិភាពនិងអាយុវែងជាងគេ (២៩ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តថា ជាប្រការគួរឲ្យកត់សម្គាល់ ទោះបីមានកាលៈទេសៈដ៏ចាំបាច់ខ្លះដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ១០លើក និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើកយ៉ាងណាក្តី ប៉ុន្តែជាលទ្ធផលទូទៅ គឺពុំបានធ្វើឲ្យខូចខាតដល់ឆន្ទៈដើមរបស់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នោះឡើយ ផ្ទុយទៅវិញយន្តការទាំងនេះ នឹងរឹតតែជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹង សណ្តាប់ធ្នាប់ធម្មនុញ្ញ ធានាបាននូវការបោះជំហានទៅមុខនៃដំណើរជាតិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅ។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាកេតនភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចត្រូវគោរព។ គុណតម្លៃនៃរដ្ឋធម្មនុញ្ញ ហូរជ្រាបទៅដល់ទីណា ទីនោះទទួលបាននូវគុណតម្លៃនៃនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលជាសមាសធាតុសំខាន់ក្នុងការកសាង និងការអភិវឌ្ឍរដ្ឋក្នុងសម័យទំនើបនេះ។
ដោយយល់ឃើញនូវឧត្តមប្រយោជន៍នៃរដ្ឋធម្មនុញ្ញនេះហើយ ទើបក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តួចផ្តើមគំនិតរិះរកវិធីក្នុងការបញ្ជ្រាបការយល់ដឹងអំពីគោលការណ៍ធំៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងមជ្ឈដ្ឋានសាធារណៈ ដោយបានបញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា កម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៩ កន្លងមក ហើយក្រុមប្រឹក្សាធម្មនុញ្ញ បានសំណូមពរគ្រប់ស្ថាប័នសិក្សា អាចពិនិត្យលទ្ធភាព ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងខ្លឹមសាររដ្ឋធម្មនុញ្ញ តាមរូបភាពនានាដែលអាចធ្វើទៅបាន នៅតាមគ្រឹះស្ថានឧត្តមសិក្សារៀងៗខ្លួន។
លោក អ៉ឹម ឈុនលឹម បានថ្លែងថា ក្នុងដំណើរការកសាងសង្គមនីតិរដ្ឋ កម្ពុជាយកចិត្តទុកដាក់កសាងក្របខណ្ឌច្បាប់, ក្របខណ្ឌស្ថាប័ន, និងនីតិវិធីផ្សព្វផ្សាយនិងអនុវត្តច្បាប់។ ទាក់ទងនឹងការផ្សព្វផ្សាយលើការជាក់ស្ដែង តួអង្គស្នួលក្នុងកិច្ចការនេះ គឺយន្តការផ្សព្វផ្សាយរបស់រដ្ឋ ដោយមានការចូលរួមពីគ្រប់អន្តរតួអង្គឯទៀតនៅក្នុងសង្គម។
«ក្នុងន័យនេះ ខ្ញុំយល់ថា ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងមហាផ្ទៃ មានលទ្ធភាពទូលំទូលាយ ក្នុងការចូលរួមចំណែកបញ្ជ្រាបការយល់ដឹងអំពីមូលដ្ឋានគ្រឹះ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងខ្លឹមសារទូទៅនៃរដ្ឋធម្មនុញ្ញ នៅក្នុងស្រទាប់យុវជន និងក្នុងស្រទាប់មជ្ឈដ្ឋានប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រុមប្រឹក្សាធម្មនុញ្ញ និង ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ បានឯកភាពលើអនុស្សរណៈនៃការព្រមព្រៀង ស្តីពីការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ទៅក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និង កម្រិតមធ្យមសិក្សាទុតិយភូមិ»។ នេះបើតាមលោក អ៉ឹម ឈុនលឹម។
លោកបន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារនៃស្ថាប័នទាំងពីរ ដែលកំពុងមានវត្តមាននៅក្នុងពិធីនេះ បានរៀបចំខ្លឹមសាររួចរាល់អស់ហើយ រង់ចាំតែការបោះពុម្ពបញ្ចូលទៅក្នុងសៀវភៅសិក្សាថ្មីតែប៉ុណ្ណោះ។ ចំពោះមុខនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូបង្គោលទាំងបីកម្រិត គឺកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ សរុបចំនួន១៣៥រូប ដោយជ្រើសសចេញពីវិទ្យាស្ថានគរុកោសល្យរាជធានី ខេត្ត និងភូមិភាគ, មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ, សាលាគរុកោសល្យ និងវិក្រឹតការតាមបណ្តាខេត្ត, វិទ្យាស្ថានជាតិអប់រំ, និងនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការនៃក្រសួងអប់រំ យុវជន និងកីឡា ការបណ្តុះបណ្តាលនេះ គឺក្នុងគោលបំណងឱ្យគ្រូបង្គោល បានស្វែងយល់កាន់តែស៉ីជម្រៅថែមទៀតពីខ្លឹមសារច្បាប់ និងអត្ថន័យដ៏ជ្រាលជ្រៅ ដែលបានប្បញ្ញត្តិក្នុងមាត្រានីមួយៗនៃរដ្ឋធម្មនុញ្ញ ទៅតាមមេរៀនដែលក្រុមការងារបានបញ្ជ្រាបចូល ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត។
សូមជម្រាបថា នៅក្នុងពិធីនោះ លោក អ៉ឹម ឈុមលឹម បានប្រគល់ជូនសៀវភៅរដ្ឋធម្មនុញ្ញ ចំនួន ៣០,០០០ច្បាប់ ដល់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ ដើម្បីក្រសួងចែកជូនដល់គ្រប់បុគ្គលិកសិក្សា នៅតាមគោលដៅបណ្ដុះបណ្ដាលស្របតាមស្មារតី នៃអនុស្សរណៈនៃការព្រមព្រៀង និងជូនសៀវភៅរដ្ឋធម្មនុញ្ញចំនួន ៣៣,៤១៣ច្បាប់ ដល់ក្រសួងមហាផ្ទៃ តាមរយៈលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីក្រសួងនាំយកចែកជូនដល់គ្រប់សមាសភាពនៃក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ ទាំង២៥ នៅទូទាំងប្រទេស៕