(វ៉ាស៊ីនតោន)៖ ក្រុមវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត (Hacker) មានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី រងការចោទប្រកាន់ថា បាននិងកំពុងព្យាយាមលួចយកព័ត៌មាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។ នេះបើតាមក្រុមមន្ត្រីសន្តិសុខអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
ក្រុមមន្ត្រីសន្តិសុខអាមេរិកបានឱ្យដឹងថា ក្រុម Hackers ខាងលើមានឈ្មោះថា APT29 ឬ ខូហ្ស៊ីបៀរ (Cozy Bear) គឺជាអ្នកនៅពីក្រោយការព្យាយាមលួចព័ត៌មាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19។ ក្រុម Hackers ទាំងនេះប្រើប្រាស់វីរុសផ្ទាល់ខ្លួន ដែលពួកគេជាអ្នកបង្កើតឡើងឈ្មោះវែលម៉េះ (WellMess) និង វែលមែល (WellMail) ដើម្បីលួចយកព័ត៌មានអំពីការស្រាវជ្រាវវ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ មិនមានការបញ្ជាក់ថា តើការវាយប្រហារព័ត៌មានវិទ្យានេះ មានគោលដៅលើស្ថាប័នមួយ ណាឱ្យប្រាកដនោះឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស សុទ្ធតែបានចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយព្យាយាមលួចយកព័ត៌មាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19។ តែទន្ទឹមគ្នា ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់បែបនេះ ដោយសំអាងថា ប្រទេសធំៗទាំងបីនេះមិនភស្ដុតតាងគ្រប់គ្រាន់ឡើយ៕