(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តនៅក្នុងភូមិសាស្ត្រជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តមានការប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្តជាប់ព្រំដែនថៃ៕