ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្តល់ជំនួយ ដល់កម្ពុជាចំនួន៨៧លានដុល្លារអូស្រ្តាលី ស្មើនឹងជាង (៥៨លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ខណៈជំនួយឥតសំណងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា នៅតាមជនបទបានជាង ២លាននាក់។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដែលទូរទស្សន៍BTV ទទួលបាននារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នៅថ្ងៃនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស(Tim Ayres) ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម រប់សអូស្រ្តាលី ជាមួយនឹងឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបើកដំណើរការកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «ភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAP-RED)» ដែលមានថវិកាប្រមាណ ៨៧លានដុល្លារអូស្រ្តាលី។
CAP-REDជាកម្មវិធីថ្មី មានរយៈពេលប្រាំឆ្នាំ ដែលត្រូវបានបង្កើតឡើងផ្អែកលើជំនួយជាងមួយ ទសវត្សន៍របស់អូស្ត្រាលី ដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឌនៅកម្ពុជា តាមរយៈកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ កម្មវិធីទាំងពីរនេះ បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា នៅតាមជនបទ ជាងពីរលាននាក់។
កម្មវិធីCAP-REDត្រូវបានបង្កើតឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយទាំងវិស័យសាធារណៈ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាស្តារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។
កម្មវិធីនេះដែរ នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោលនយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន ភាពធន់ និងនិរន្តរភាពជាដើម។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស បានថ្លែងថា ឆ្នាំនេះគឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធីជាភស្តុតាងរឹតតែច្បាស់បន្ថែមទៀត នៃទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា និងអូស្ត្រាលី។ ឯកឧត្តមព្រឹទ្ធសមាជិក បានសង្កត់ធ្ងន់ថា«យើងរង់ចាំចែករំលែកចំណេះដឹង និងជំនាញជាមួយសមភាគីកម្ពុជារបស់យើង ដើម្បីបង្កើត បរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម»។
ជាមួយគ្នានេះតាមរយៈសេចក្តីប្រកាសព័ត៌មាន ក៏បានរំពឹងថា គ្រួសារកម្ពុជាមួយចំនួន ជាពិសេស គ្រួសារមកពីជនបទ ក្នុងប្រទេសកម្ពុជា ជាពិសេសស្រ្តី កុមារី កុមារ៉ា មនុស្សចាស់ ជនមានពិការភាព និងក្រុមការងាររងគ្រោះនឹងមានជីវភាពប្រសើឡើង បន្ទាប់ពីអនុវត្តនូវកម្មវិធីនេះ។
សូមបញ្ជាក់ថា កម្មវិធីCAP-REDនេះ ផ្តោតសំខាន់ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង ព្រមទាំងផ្តោតលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមផងដែរ៕