វាយកូនបាល់៖ កីឡាករ Roger Federer បានចាប់ផ្តើមអាជីពវាយកូនបាល់ដំបូងនៅឆ្នាំ១៩៩៨ ក្នុងវ័យ ១៦ឆ្នាំហើយ។ រយៈពេល ៣ឆ្នាំនៃការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងវ័យ ១៩ឆ្នាំនៅឆ្នាំ២០០១ Roger Federer ក៏បានឈ្នះពានដំបូងក្នុងអាជីពរបស់ខ្លួននៅក្នុងក្របខណ្ឌ ATP Tour នៃកម្មវិធី Hopman Cup រឺ Hamburg Masters ក្រោយយកឈ្នះកីឡាករកំពូលរុស្ស៊ី Marat Safin នៅវគ្គផ្តាច់ព្រ័ត្រ។
ជាពានដំបូង និងជាការចាប់ផ្តើមនៃភាពជោគជ័យរបស់ខ្លួន និងពានបន្តបន្ទាប់ទៀតមកដល់ថ្ងៃនេះសរុប ១០៣ពាន។ ក្នុងចំណោម ១០៣ពានក្នុងអាជីពរួមមាន Grand Slam ២០លើក (Australian Open ៦លើក, French Open ១លើក, Wimbledon ៨លើក និង US Open ៥លើក) ក្នុងចំណោមការឈានឡើងវគ្គផ្តាច់ព្រ័ត្រសរុប ៣១លើក។ នៅក្នុងក្របខណ្ឌ ATP 250 Federer ឡើងវគ្គផ្តាច់ព្រ័ត្រ ៣៤លើកឈ្នះពាន ២៥លើក។ ក្របខណ្ឌ ATP Tour 500 ឡើងវគ្គផ្តាច់ព្រ័ត្រ ៣១លើកឈ្នះពាន ២៤លើក។ ក្របខណ្ឌ ATP Masters 1000 ឡើងវគ្គផ្តាច់ព្រ័ត្រ ៥០លើកឈ្នះពាន ២៨លើក។ ព្រឹត្តិការណ៍បញ្ចប់ឆ្នាំឡើងវគ្គផ្តាច់ព្រ័ត្រ ១០លើកឈ្នះពាន ៦លើក។
សរុបពានដែលឈ្នះសរុប ១០៣លើក តែ Federer បានត្រឹមឈរលេខ២ ប៉ុណ្ណោះក្នុងកំណត់ត្រាកីឡាករដែលឈ្នះពានច្រើនបំផុតក្នុងអាជីព ពោលគឺនៅពីក្រោមកីឡាករអាមេរិក Jimmy Connors ដែលឈ្នះបានសរុប ១០៩លើក។ កីឡាករដែលនៅបន្តអាជីព និងឈ្នះពានច្រើនក្នុងអាជីពនៅសល់ Rafael Nadal ឈ្នះពានសរុប ៩២លើក និង Novak Djokovic ឈ្នះពានសរុប ៨៨លើក៕ា