(ឡាវ)៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបន្តទៀត ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
នៅពេលអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកបណ្ឌិត សាយ សំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕