ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះប បានអនុញ្ញាតឱ្យលោក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារមួយចំនួននៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះលោកCarlos Humberto Jiménez Licona បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសកម្ពុជា និងប្រទេសក្វាតេម៉ាឡា ហើយតាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជានេះ លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងវិស័យពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត បើទោះបីជាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយនោះ។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសដែលមានវប្បធម៌សម្បូរបែប ជាពិសេសរមណីដ្ឋានអង្គរ និងតំបន់ទេសចណ៍ជាច្រើន ហើយលោកនឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋក្វាតេម៉ាឡាជាមួយកម្ពុជា និងតំបន់អាស៊ានឲ្យកាន់ប្រសើរឡើងថែមទៀត ពីព្រោះប្រទេសជាសមាជិក អាស៊ានមានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ សម្តេចមានជំនឿជឿជាក់ថាក្នុងបេសកកម្មលោកទូត នៅកម្ពុជានេះ នឹងថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានោះដែរ សម្តេចប្រមុខរដ្ឋស្តីទីក៏បានគូសបញ្ជាក់ផងដែរថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕