(ភ្នំពេញ)៖ អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ឈប់សម្រាកការងារនៅ ថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាកការងាររបស់មន្ត្រី រាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ដែលត្រូវបានលើកដោយ អនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការលើកការឈប់សម្រាកការងាររបស់ មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០»។
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឱ្យឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជាទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក៏បានប្រកាសដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងប៉ះប៉ូវនូវថ្ងៃឈប់សម្រាកជូនមន្រ្តីរាជការ កម្មករនិយោជិតឡើងវិញ នៅពេលវេលាមួយសមស្រប ហើយពេលនេះរាជរដ្ឋាភិបាលសម្រេចឲ្យឈប់រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ៕