(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ពិធីនេះក៏មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អគ្គមេបញ្ជការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការរង មន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធទាំង៣ យ៉ាងច្រើននាក់ផងដែរ។
បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពអគាររដ្ឋបាលដែលមានស្រាប់ មានសភាពចាស់ទ្រុឌទ្រោមមិនអាចធានាដល់ការបំពេញភារកិច្ចនោះ ខ្ញុំបាទបានគោរពរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ដើម្បីជ្រាបអំពីស្ថានភាពនិងការលំបាកទាំងនេះ និងគោរពសុំគោលការណ៍ដើម្បីសាងសង់អគារថ្មីជំនួសវិញ។
បន្ទាប់ពីបានទទួលគោលការណ៍ឯកភាព និងគាំទ្រពី សម្ដេចក្រឡាហោម លោកបានបានខិតខំកៀរគរថវិកាពីសប្បុរសជននានាដើម្បីគាំទ្រដល់ការសាងសង់ ហើយនៅថ្ងៃទី០៩ ខែឧសភាឆ្នាំ២០១៩ សំណង់អគារចំនួន០២ ត្រូវបានចាប់ផ្តើមសាងសង់ ដោយប្រគល់សិទ្ធិឱ្យក្រុមហ៊ុន ENG CONSTRUCTOR ទទួលបន្ទុកសាងសង់ ដែលបានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ប៉ុន្តែដោយសារសា្ថនភាពកូវីដ១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង ០៣ឆ្នាំទើប បានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ។
ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ ស ថេត សូមបញ្ជាក់ជូនបន្ថែមអំពីមុខងារនៃអគារទាំង២ ដូចតទៅ៖
*អគារទី១៖ អគាររដ្ឋបាលត្រូវបានរៀបចំជាកន្លែងបំពេញការងាររបស់ផែនជំនាញទាំង១៣ ដែលមានទទឹង៤០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ២០,០០០ម៉ែត្រក្រឡា និងមានកម្ពស់ ១០ជាន់ ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន ២,០០០ម៉ែត្រក្រឡា។
– ជាន់ទី១៖ រៀបចំជាកន្លែងសម្រាប់ទំនាក់ទំនង ទទួលឯកសារភ្ញៀវ និងផ្នែកខាងក្រោយជាចំណតរថយន្ត ដែលអាចផ្ទុកបានចំនួន ៣០គ្រឿង
– ជាន់ទី២៖ ចំណតរថយន្ត ដែលអាចផ្ទុកបានចំនួន ៤០គ្រឿង
– ជាន់ទី៣៖ កន្លែងធ្វើការរបស់ផែនការងារអត្តសញ្ញាណកម្ម និងព្រហ្មទណ្ឌ
– ជាន់ទី៤៖ កន្លែងធ្វើការរបស់ផែនការងារសណ្តាប់ធ្នាប់ និងចរាចរណ៍
– ជាន់ទី៥៖ កន្លែងធ្វើការរបស់ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ផែនការងារ
ប្រឆាំងគ្រឿងញៀន និងផែនការងារប្រឆាំងការជួញដូរមនុស្ស
– ជាន់ទី៦៖ កន្លែងធ្វើការរបស់ផែនការងារអន្តោប្រវេសន៍ និងសន្តិសុខ
-ជាន់ទី៧៖ កន្លែងធ្វើការរបស់ផែនការងារធនធានមនុស្ស ផែនការងារភស្ដុភារនិង
ហិរញ្ញវត្ថុ
– ជាន់ទី៨៖ កន្លែងធ្វើការរបស់ផែនការងារសេនាធិការ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា
– ជាន់ទី៩៖ ការិយាល័យរបស់ស្នងការ ក្រុមជំនួយការ សាលប្រជុំចំនួន ០១ អាចផ្ទុកមនុស្សចន្លោះ៧០ទៅ៨០នាក់ និងសាលសវនដ្ឋាន (បន្ទប់ទទួលភ្ញៀវ) ចំនួន០១ និង
– ជាន់ទី១០៖ សាល Video Conference សាលកីឡា និងចំណតឧទ្ធម្ភាគចក្រ។
អគាររដ្ឋបាលនេះ ប្រើប្រាស់ជញ្ជាំងកញ្ចក់ព័ទ្ធជុំវិញគ្រប់ជាន់ បំពាក់ម៉ាស៊ីនត្រជាក់ខ្នាតធំដែលគ្រប់គ្រងដោយប្រព័ន្ធបញ្ជា មានជណ្តើរយន្តចំនួន ០៦ ជណ្តើរថ្មើរជើងចំនួន២សងខាង។ ទ្វារនិងច្រកចេញ-ចូល គ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ ។ បរិវេណជុំវិញនិងក្នុងអគារទាំងមូលបំពាក់ប្រព័ន្ធកាមេរ៉ាអាចរក្សាទិន្នន័យបានរយៈពេល៣០ថ្ងៃ។ កន្លែងធ្វើការទាំងអស់ បានរៀបចំបំពាក់ប្រព័ន្ធបណ្តាញកុំព្យូទ័រនិងបណ្តាញឥតខ្សែ WIFI ដោយភ្ជាប់ INTERNET គ្រប់ជាន់មានប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធប្រកាសអាសន្ន បន្ទប់អនាម័យ មជ្ឈមណ្ឌលគ្រប់គ្រងម៉ាស៊ីន (DATA CENTER) និងបន្ទប់បំពាក់ LCD ចំនួន ១៥ផ្ទាំង សម្រាប់ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពក្នុងអគារទាំងមូល។ ដោយឡែក នៅតាមជាន់នីមួយៗចាប់ពីជាន់ទី៣ដល់ជាន់ទី៨ មានបន្ទប់ប្រជុំដែលអាចផ្ទុកមនុស្សចន្លោះ ៣០-៤០នាក់។
*អគារទី២៖ ជាសាលប្រជុំមានកម្ពស់៣ជាន់ ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ៣.៦០០ម៉ែត្រក្រឡា ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន១,២០០ម៉ែត្រក្រឡា។ ជាន់ទី១ ជាវាលលំហសម្រាប់រៀបចំកម្មវិធីផ្សេងៗ។ ជាន់ទី២ ជាកន្លែងស្នាក់នៅរបស់ក្រុមប្រចាំបញ្ជាប្រចាំថ្ងៃ ជាន់ទី៣ ជាសាលប្រជុំដែលអាចផ្ទុកមនុស្សបានចន្លោះ ៥០០ទៅ៦០០នាក់។
ដោយឡែក នាដើមឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដំណើរការសាងសង់អគារថ្មីចំនួន១បន្ថែមទៀតមានទទឹង ២៥ម៉ែត្រ បណ្តោយប្រវែង ៧៥ម៉ែត្រ កម្ពស់២ជាន់ មានផ្ទៃក្រឡាសរុប ចំនួន ៣.៧៥០ម៉ែត្រក្រឡា ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន១.៨៧៥ម៉ែត្រក្រឡា ដើម្បីរៀបចំជាបន្ទប់ប្រចាំការ បន្ទប់ស្នាក់នៅ និងអាហារដ្ឋានសម្រាប់ក្រុមប្រតិបត្តិការអគ្គិភ័យ។
ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋរចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារ ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់អង្គភាពតាមរយៈការសម្រួលទីតាំងចំនួន២កន្លែង និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេស៕