ការ៉ាតេ៖ ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាដណ្តើមបានមេដាយចំនួន ៧គ្រឿងរួមមានមេដាយប្រាក់៣ និងសំរឹទ្ធ៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Thailand Karate Open 2022 នៅខេត្តភូកេត ប្រទេសថៃកាលពីថ្មីៗ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ដែលជាសញ្ញាណវិជ្ជមានមួយសម្រាប់ក្រុមកីឡាការ៉ាតេដូកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
មេដាយដែលអត្តពលិកក្រុមកីឡាការ៉ាតេកម្ពុជា ទទួលបានពីព្រឹត្តិការណ៍អន្ដរជាតិនេះរួមមានមេដាយប្រាក់ ៣ សុទ្ធតែដណ្ដើមបានលើវិញ្ញាសាឯកត្តជនដោយកីឡាករ ងួន សុខក្រៃលែង, កីឡាករ ស្រៀងវិរៈ និងកីឡាការិនី ឆន ស្រីភា។ រីឯមេដាយសំរឹទ្ធ ៤គ្រឿងដណ្ដើមបានលើវិញ្ញាសាឯកត្តជនដោយកីឡាការិនី សំណាង ឧត្តរ៉ា, កីឡាករ ជ្រុន វិរៈបុត្រ និងកីឡាករ ប៊ិន ម៉េងលី ខណៈ ១គ្រឿងទៀតឈ្នះលើវិញ្ញាសាជាក្រុមនារី ៤នាក់។
គួរដឹងថា ព្រឹត្តិការណ៍កីឡាការ៉ាតេលក្ខណៈបើកទូលាយដែលថៃធ្វើម្ចាស់ផ្ទះនេះ គឺមានអត្តពលិកចូលរួមសរុប ៦៥០នាក់មកពី ២៥ប្រទេសគ្រប់បណ្ដាទ្វីបលើពិភពលោក ហើយកម្ពុជាក៏បានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ៤៨នាក់ចូលរួមក្នុងនោះមានកីឡាករ-កីឡាការិនី ៣៦នាក់ដើម្បីជាការវាស់ស្ទង់ និងធ្វើតេស្ដសមត្ថភាពដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ៕