ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យឯកឧត្តម Gerardo Penalver Portal អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ, នាទីស្តីការក្រសួងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចរបស់ឯកឧត្តម អនុរដ្ឋមន្រ្តីទី១ នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងជាប្រពៃណីកម្ពុជា-គុយបា ជាពិសេសនាទស្សវត្សរ៍ឆ្នាំ៨០ បន្ទាប់ពីកម្ពុជា ទើបងើបពីរបបប្រល័យពូជសាសន៍ គុយបា បានបញ្ជូនក្រុមគ្រូពេទ្យ ចំនួនប្រមាណពី២០ ទៅ៣០នាក់ មកជួយដល់អតីតមន្ទីរពេទ្យ ៧មករា ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលថែទាំជំងឺផ្នែកវេជ្ជសាស្រ្តទូទៅ ផ្នែក វះកាត់ ផ្នែកជំងឺកុមារ ផ្នែករោគស្រ្តី និងសម្ភព ផ្នែកត្រចៀក ច្រមុះ បំពង់ក និងផ្នែកចក្ខុរោគ ព្រមទាំងជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងកាលៈទេសៈ ដែលកម្ពុជាទើបរួចផុតពីរបបប្រល័យពូជសាសន៍។ លើសពីនេះ គុយបា បានផ្តល់អាហារូបករណ៍ដល់និស្សិត និងគ្រូពេទ្យកម្ពុជា ទៅសិក្សាផ្នែកវេជ្ជបណ្ឌិតឯកទេសនានា វេជ្ជបណ្ឌិត ឱសថការី ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្រ្ត និងគិលានុបដ្ឋាក-យិកា នៅប្រទេសគុយបា ចំនួន ៣៦នាក់។
ឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានគូសរំលេចថា បន្ទាប់ពីកម្ពុជា បានបង្រួបបង្រួមជាតិ និងកសាងបានសន្តិភាពទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា លើវិស័យសុខាភិបាល ក៏នៅតែបន្តតាមរយៈការចុះកិច្ចព្រមព្រៀង នាឆ្នាំ២០០១ និងបានបញ្ជូនក្រុមគ្រូពេទ្យមកជួយផ្តល់សេវាពិនិត្យ ព្យាបាល ព្រមទាំងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់គ្រូពេទ្យកម្ពុជានៅខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី នាឆ្នាំ២០០១ ដល់ឆ្នាំ២០០២។
ជាការឆ្លើយតបឯកឧត្តម អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបទេស គុយបា បានថ្លែងអំណរគុណឯកឧត្តម រដ្ឋមន្រ្តី ដែលបានឆ្លៀតពេលដ៏មមាញឹកជួបពិភាក្សាការងារជាមួយឯកឧត្តមផ្ទាល់ និងបានសម្តែងនូវការកោតសរសើរ និងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងក្រសួងសុខាភិបាល ចំពោះជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលអាចឱ្យកម្ពុជា បើកដំណើរការឡើងវិញទាំងស្រុងសេដ្ឋកិច្ច-សង្គម។
ឯកឧត្តម អនុរដ្ឋមន្រ្តីទី១ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្រ្តីការទូតគុយបា ប្រចាំកម្ពុជាទាំងអស់ដោយឥតគិតថ្លៃ និងសូមកោតសរសើរដល់មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលទាំងពីរ ដែលបាននឹងកំពុងពិភាក្សាគ្នាយ៉ាងសកម្ម តាមរយៈស្ថានទូតគុយបា ប្រចាំកម្ពុជា ក្នុងការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលកម្ពុជា-គុយបា ដែលគ្រោងនឹងចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋគុយបា នាពេលដ៏ខ្លីខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ដែលជាការរួមចំណែកលើកកម្ពស់សុខុមាលភាព សុខភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា កាន់តែរឹងមាំ៕