(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃសុក្រសប្ដាហ៍នេះបានថ្កោលទោសចំពោះការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំបន្ថែមលើលោកស្រី អោង សានស៊ូជី ជាមួយការអំពាវនាវឱ្យបន្តការដាក់សម្ពាធលើរបបដឹកនាំយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នៅថ្ងៃសុក្រសប្ដាហ៍នេះ ត្រូវបានតុលាការនៃរបបយោធាមីយ៉ាន់ម៉ា រកឃើញថាមានទោសពីបទបន្លំ ការបោះឆ្នោត ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត។ ជុំវិញការផ្ដន្ទាទោសនេះដែរ លោក ប៊ីលនខិន បានគូសបញ្ជាក់ដូច្នេះថា «យើង ថ្កោលទោសយ៉ាងខ្លាំងចំពោះរបបយោធាភូមា (មីយ៉ាន់ម៉ា) ដែលបានផ្តន្ទាទោសដោយអយុត្តិធម៌លើលោកស្រ អោង សានស៊ូជី ដាក់ពន្ធនាគារ៣ឆ្នាំ បន្ថែមទៀត ក្នុងនោះរួមមានទាំងការធ្វើការជាទម្ងន់»។ លោកបន្ថែមទៀតថាសហរដ្ឋអាមេរិក និងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីអាចនាំរបប យោធាមីយ៉ាន់ម៉ា មកទទួលខុសត្រូវចំពោះអំពើហិង្សា និងការគាបសង្កត់លើមេដឹកនាំជាប់ឆ្នោតដោយប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រោមហេតុផលដើម្បីបញ្ឈប់កុំឱ្យគណបក្ស NLD របស់លោកស្រី ស៊ូជី បង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការបោះឆ្នោតដែលខ្លួនអះអាងថា ពោរពេញទៅដោយការក្លែងបន្លំ ដែលមិនត្រូវបានស៊ើបអង្កេតច្បាស់លាស់។
លោកស្រី អោងសាន ស៊ូជី ដែលបច្ចុប្បន្នវ័យ៧៦ឆ្នាំ បានស្ថិតក្រោមការឃុំខ្លួនចាប់តាំងតែពីពេលនោះមក ខណៈលោកស្រី ត្រូវបានតុលាការផ្ទន្ទាទោស ដាក់ពន្ធនាគាររយៈពេលជាង១៧ឆ្នាំ រួចស្រេចទៅហើយ ពាក់ព័ន្ធបទល្មើសជាច្រើន រួមមានតាំងពីអំពើពុករលួយ ការញុះញង់ឱ្យមានការបះបោរ រហូតដល់ការធ្វើឱ្យបែកធ្លាយកិច្ចការសម្ងាត់រដ្ឋ៕