ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានព្រឹទ្ធសភា។
ថ្លែងនៅក្នុងកិច្ចជំនួបនោះលោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។
លោកស្រីបន្តថា សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងមានការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ដើម្បីជំរុញការយល់ដឹងរួមគ្នា និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់ប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ី។
ជាមួយគ្នានោះដែរលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ប្តូរវេន ដែលជាដំណាក់ដ៏លំបាកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងលើសកលលោក។ ទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជាបានដើរតួនាទីដ៏សំខាន់នេះប្រកបដោយទទួលបានជោគជ័យ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចប្រមុខរដ្ឋស្តីទី បានលើកឡើងថា ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគីដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយអភិវឌ្ឍលើគ្របើវិស័យ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនខាងសង្គម-សេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។
សម្តេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគីដែលបានគាំទ្រកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានប្តូរវេន និងបានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី(កម្ពុជា-តួកគី និងលេខាធិការដ្ឋានអាស៊ាន) អាស៊ាន-តួកគីលើកទី៤ នៅទីក្រុងភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
សម្តេច ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកស្រីក៏ដូចជាស្ថានទូតតួកគី ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕