បាល់ទាត់៖ ពេលនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដឹងថា ក្រុមបាល់ទាត់ក្នុងតំបន់ណាខ្លះដែលខ្លួនត្រូវជួប ក្រោយការចាប់ឆ្នោតការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ២០២២ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហាម្សិលមិញ។
លទ្ធផលបង្ហាញថា កម្ពុជាស្ថិតក្នុងពូល A ដោយត្រូវជួបអ្នកការពារតំណែងជើងឯកថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងអ្នកឈ្នះការប្រកួតជម្រុះរវាងជម្រើសជាតិទីម័រខាងកើត និងព្រុយណេដារ៉ូសាឡឹមដែលត្រូវប្រកួតពីរជើង។ ចំនែកពូល B មានម្ចាស់មេដាយមាសស៊ីហ្គេមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី សហភាពមីយ៉ាន់ម៉ា និងឡាវ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ឯកឧត្តម ខៀវ សាម៉េត លើកឡើងថា ការប្រកួតបាល់ទាត់ជើងឯកអាស៊ានជាសកម្មភាពដ៏មានតម្លៃសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហើយយើងរីករាយដែលឃើញព្រឹត្តិការណ៍បាល់ទាត់តំបន់នេះត្រឡប់មកវិញឆ្នាំនេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់យើងជួបស្ថានភាពតានតឹងដោយសារជំងឺរាត្បាតសកល ប៉ុន្តែយើងមានមោទនភាពដែលដឹងថា យើងកាន់តែខ្លាំងជាងមុន ជំនះនូវឧបសគ្គនេះ ហើយយើងកាន់តែរួបរួមគ្នាក្នុងនាមសហគមន៍បាល់ទាត់។
កម្ពុជាបើកការប្រកួតដោយត្រូវជួបហ្វីលីពីនថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មុនជួបជាមួយឥណ្ឌូនេស៊ី មុនជួបអ្នកឈ្នះវគ្គជម្រុះ និងចុងក្រោយត្រូវជួបថៃថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ វគ្គផ្តាច់ព្រ័ត្រការប្រកួតជើងឯកអាស៊ាននេះធ្វើឡើងនៅថ្ងៃទី១២ និងទី១៥ ខែមករា ឆ្នាំ២០២៣។ សូមជម្រាបជូនថា ការប្រកួតឆ្នាំ២០២០ ដែលលើកមកប្រកួតនៅឆ្នាំ២០២១ កម្ពុជាធ្វើមិនបានល្អទេក្នុងពូល B ដោយចាញ់ម៉ាឡេស៊ី ១ទល់នឹង៣, ចាញ់ឥណ្ឌូនេស៊ី ២ទល់នឹង៤, ឈ្នះឡាវ ៣ទល់នឹង០ និងចាញ់វៀតណាម ០ទល់នឹង៤៕