(តៃប៉ិ)៖ កងកម្លាំងតៃវ៉ាន់ បានបាញ់គំរាមយន្តហោះដ្រូន (drone) មួយគ្រឿងរបស់ចិន ដែលបានហោះចូលមកក្បែរដែនកោះរបស់ខ្លួន នៅថ្ងៃអង្គារសប្តាហ៍នេះភ្លាមៗ បន្ទាប់ពីមេដឹកនាំលោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ចេញបញ្ជាឲ្យយោធារបស់តៃវ៉ាន់ ចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងអ្វីដែលលោកស្រីចាត់ទុកថាការបង្កហេតុ របស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។
កំលុងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅលើកោះ ប៉េងហឺ (Penghu) នៅថ្ងៃអង្គារសប្តាហ៍នេះ លោក សៃ បានរិះគន់ចំពោះសកម្មភាពយន្តហោះដ្រូនរបស់ចិន និងសកម្មភាពយុទ្ធសាស្ត្រ «តំបន់ពណ៌ប្រផេះ»។ លោកស្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងមិនបង្កជម្លោះទេ ហើយយើងនឹងអនុវត្តការអត់ធ្មត់ ប៉ុន្តែនេះមិនមាន ន័យថាយើងនឹងមិនប្រឆាំងនោះឡើយ»។
អ្នកនាំពាក្យទីបញ្ជាការដ្ឋានការពារជាតិប្រចាំកោះ គីនមិន (Kinmen) លោក ចាង ឆុងស៊ុន (Chang Jung-shun) បាននិយាយថា ការបាញ់គំរាមទៅលើយន្ដហោះដ្រូន ដែលបានហោះចូលទៅជិតកោះអឺដាន់ (Erdan) ធ្វើឡើងនៅមុនម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) ដោយបានបណ្តេញយន្តហោះដ្រូននេះ ឲ្យត្រឡប់ទៅវិញ។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលការបាញ់គំរាមបែបនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេល នៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់។ កោះគីនមិន មានចម្ងាយតែពីរបីរយម៉ែត្រប៉ុណ្ណោះពីទឹកដីចិន គឺទល់មុខទីក្រុងសៀមិន (Xiamen) និងទីក្រុងគាន់ហ្ស៊ូ (Quanzhou) របស់ប្រទេសចិន។ ជុំវិញករណីនេះ មិនមានការឆ្លើយតបភ្លាមៗពីសំណាក់ទីក្រុងប៉េកាំង នៅឡើយទេ៕