ព្រះវិហារ៖ នៅថ្ងៃនេះ អាជ្ញាធរខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតំបន់ងាយរងគ្រោះ សូមប្រុងប្រយ័ត្ន និងរកទីទួលសុវត្ថិភាព ខណៈទឹកស្ទឹងសែនខេត្តព្រះវិហារ ហក់ឡើងលើសកម្រិតប្រកាសអាសន្ន ។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ ។
ស្ថានភាពបែបនេះ បានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលធ្វើអោយទឹកស្ទឹងសែនហក់ឡើងខ្លាំង លើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២២ នេះស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។
ដូច្នេះដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តាប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ។
ក្នុងករណីបងប្អូនដែលជួបគ្រោះថ្នាក់ទឹកជំនន់សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះអោយបានទាន់ពេលវេលា៕