(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានតុលាការធម្មនុញ្ញព្យួរការងារ លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមកិច្ចប្រជុំរបស់ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោមវត្តមានមន្រ្តីជិតដិតរបស់លោក ចំពោះមុខភាពស្រពិចស្រពិលនៃនយោបាយក្នុងប្រទេសថៃ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។
លោក ប្រាយុទ្ធ មានវ័យ ៦៨ឆ្នាំ កំពុងរក្សាតំណែងក្នុងគណៈរដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិថៃ បន្ទាប់ពីតុលាការធម្មនុញ្ញកាលពី ថ្ងៃពុធសប្តាហ៍នេះ បានព្យួររូបលោកពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ដោយរង់ចាំការពិនិត្យឡើងវិញលើការកំណត់អាណត្តិរបស់លោក តាមរដ្ឋធម្មនុញ្ញ តែមិនបានផ្តល់ការបរិច្ឆេទនៃការប្រកាសពីការសម្រេចចិត្តចុងក្រោយនោះទេ។
រហូតមកដល់ពេលនេះ លោក ប្រាយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈលើការសម្រេចរបស់តុលាការនោះទេ ហើយគេនៅមិនទាន់ដឹងថា លោកអាចនឹងនិយាយអំពីបញ្ហានេះ កំលុងកិច្ចប្រជុំនេះឬអត់នោះដែរ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ បាននិយាយនៅ ថ្ងៃពុធសប្តាហ៍នេះថា លោក ប្រាយុទ្ធ គោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ និងបានជំរុញឲ្យប្រជាជនថៃទទួលយកដូចគ្នា ខណៈរដ្ឋាភិបាលដំណើរការទៅជា ធម្មតា។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វង្សស៊ូវ៉ាន (Prawit Wongsuwan) មានអាយុ ៧៧ឆ្នាំ ដែលជាអ្នករាជានិយម និងជាអតីតមេទ័ព ដែលមានទំនាក់ទំនងយូរអង្វែងជាមួយលោក ប្រាយុទ្ធ នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ប៉ុន្តែលោកមិនត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នោះទេ៕