កម្ពុជាបានលើកឡើងថា៖ ខ្លួនបានជួយជនបរទេសនានាដែលត្រូវបានបោកប្រាស់ដោយពួកជួញដូរ
==========================
រាជធានីភ្នំពេញ, កម្ពុជា (AP), កាលពីថ្ងៃសុក្រកន្លងមកនេះ កម្ពុជាបានលើកឡើងថា ខ្លួនកំពុងតែមានបំណងជួយបណ្តាជនបរទេស ដែលទទួលរងគ្រោះពីបទល្មើលជួញដូរមនុស្ស បន្ទាប់ពីការលើកឡើងរបស់តៃវ៉ាន់ ក្នុងការស្វែងរកការដោះលែងប្រជាពលរដ្ឋខ្លួនជាង ៣០០ នាក់ ដែលត្រូវបានល្បូងពីសំណាក់ក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងនៅអាស៊ីអាគ្នេយ៍។
បណ្តាក្រុមយុវជនដែលទទួលបានការអប់រំល្អ ភាគច្រើនត្រូវបានគេសន្យាផ្តល់ប្រាក់ខែខ្ពស់សម្រាប់ការងារផ្នែកបច្ចេកវិទ្យា ប៉ុន្តែបន្ទាប់មកពួកគេត្រូវបានគេបង្ខំឱ្យធ្វើការជាអ្នកហៅទូរសព្ទ ក្នុងគោលបំណងបោកប្រាស់ជនជាតិចិនដីគោក ឱ្យបង់ប្រាក់សម្រាប់ថ្លៃសេវារដ្ឋាភិបាលដែលមិនមាន ឬឱកាសវិនិយោគ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃកំពុងបើកយុទ្ធនាការត្រួតពិនិត្យទូទាំងប្រទេស សម្រាប់ជនបរទេសទាំងអស់ដែលរស់នៅក្នុងកម្ពុជា ក្រៅពីបុគ្គលិកស្ថានទូត។ សម្តេចក្រឡាហោម បានបន្តថាក្រសួងនឹងស្រាវជ្រាវ ជាពិសេសផ្តោតលើបណ្តាជនបរទេសដែលធ្លាប់រងគ្រោះនៃបទល្មើសជួញដូរមនុស្ស។
សម្តេចក្រឡាហោម ក៏បានបន្ថែមទៀតថា កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកនេះ សមត្ថកិច្ចនៃខេត្តកណ្តាល និងព្រះសីហនុ បានចុះត្រួតពិនិត្យទៅលើបណ្តាជនបរទេសដែលកំពុងស្នាក់នៅ ឬបម្រើការងារវិស័យសណ្ឋាគារ, ផ្នែកអចលនទ្រព្យនិងកាស៊ីណូជាដើម។
ប្រភព៖AP