ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ,លោក អាប់ឌូឡា សាហ៊ីដ ប្រធានរដ្ឋសភាកម្ពុជា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។
ក្នុងពេលបំពេញទស្សនកិច្ច និងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានរដ្ឋសភា។
នាឱកាសនោះ លោក អាប់ឌូឡា សាហ៊ីដ បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានទទួលការស្វាគមន៍នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា ក្នុងតួនាទីជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ។
លោក មានប្រសាសន៍ថា បន្ទាប់ពីបានមកដល់កម្ពុជា និងបានជួបថ្នាក់ដឹកនាំសំខាន់ៗ បង្ហាញថា អតីតកាលកម្ពុជា ពោរពេញដោយការលំបាក ទំរាំអាចរំដោះប្រទេស និងមានការអភិវឌ្ឍដល់សព្វថ្ងៃ។
លោកបានកោតសរសើរកម្ពុជាអំពីការអភិវឌ្ឍយ៉ាងឆាប់ ប្រែក្លាយពីប្រទេសអភិវឌ្ឍដែលទទួលរងសង្គ្រាមរាំរ៉ៃ រហូតធ្វើឱ្យប្រទេសពីមានការអភិវឌ្ឍក្នុងកម្រិតតិចតួចទៅជាប្រទេសអភិវឌ្ឍក្នុងកម្រិតមធ្យម។
ក្នុងជំនួបនោះ លោក អាប់ឌូឡា សាហ៊ី បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្នុងតួនាទីជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនាពេលនេះ ក្នុងគោលបំណងដើម្បីឯកភាពកិច្ចព្រមព្រៀងនានា ដែលទាមទារឱ្យមានកិច្ចសហការពីរដ្ឋសភាកម្ពុជាតាមរយៈអន្តរសភា ពិភពលោក (IPU)។ លោក បន្តថា ដំណើរទស្សនកិច្ចនេះក៏មានបំណងឆ្ពោះទៅរកគោលដៅសហសវត្សន៍ SDG ដែលចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា។
ក្រៅពីនេះ លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បានស្ញប់ស្ញែងពីតួនាទីរបស់កម្ពុជា ក្នុងការបញ្ជូនកងរក្សាសន្តិភាពទៅជួយសកម្មភាពដោះមីនតាមរយៈឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះបង្ហាញអំពីគំរូភាពដល់បណ្តាប្រទេសដ៏ទៃផ្សេងទៀត។
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណអង្គការសហប្រជាតិ ដែលតែងគាំទ្រកម្ពុជា ចាប់តាំងពីការបង្កើតរដ្ឋាភិបាលក្នុងអាណត្តិទី២ ។
សម្តេច បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដោយផ្អែកលើច្បាប់ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ៕