(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ. ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន ដោយសម្តេចការអបអរសាទរ និងជូនពរ នៅក្នុងឱកាសខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
ក្នុងសារលិខិតដែល ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «កម្ពុជា និងហ្វីលីពីនមានទំនាក់ទំនងដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ក្នុងរយៈពេល៦ទស្សវត្សកន្លះកន្លងមកនេះ។ ខ្ញុំមានសេចក្ដីរីករាយ ដែលបានឃើញពីភាពរីកចម្រើននៃទំនាក់ទំនងរបស់យើង ដែលត្រូវបានលើកកម្ពស់ដោយការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន»។
សម្តេចបានបន្ថែមថា ការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់យើង គឺជាពេលវេលាដ៏សមស្របមួយ ក្នុងការអះអាងនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីភាពរីកចម្រើននៃទំនាក់ទំនងដ៏ជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃសហគមអាស៊ាន និងពិភពលោក។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសូមអញ្ជើញប្រធានាធិបតីហ្វីលីពីនមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងឆ្នាំដ៏មានអត្ថន័យនេះ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖