ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនី ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Vahram Kazhoyan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអាមេនី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕