បាល់ទាត់៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិ U23 ជប៉ុននាថ្ងៃទី២០ ខែកញ្ញាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានប្រកាសស្វាគមន៍ជំនួបមិត្តភាពអន្ដរជាតិនៅព្រឹកថ្ងៃទី១៨ ខែសីហានេះបានឲ្យដឹងថា ការប្រកួតនេះផ្ដោតសំខាន់សម្រាប់គោលដៅត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ គួរដឹងថា ក្រុម U23 កម្ពុជា និងជប៉ុនក៏ទើបតែជួបគ្នាដែរទេនៅក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022 ពូលK ដែលពេលនោះកម្ពុជាបានចាញ់ម្ចាស់ផ្ទះជប៉ុន ៤-០។ ដូច្នេះការប្រកួតមិត្តភាពនាខែក្រោយគឺជាឱកាសវាយស្ទង់ និងពង្រឹងសមត្ថភាពដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាឆ្នាំក្រោយ តាមរយៈការប្រកួតជាមួយខ្លាំងប្រចាំទ្វីបអាស៊ីមួយនេះ៕