ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅចំនួន២គ្រាប់ នៅព្រឹកថ្ងៃពុធនេះ ដែលជាការបាញ់សាកល្បងអាវុធជាលើកដំបូងរបស់ទីក្រុង Pyongyang ក្នុងរយៈពេលជាច្រើនសប្ដាហ៍មកនេះ។
មន្ត្រីក្រសួងការពារជាតិខាងលើបានប្រាប់សារព័ត៌មាន AFP ថា នៅព្រឹកថ្ងៃនេះ យើងបានតាមដានដឹងថាកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅចំនួន២គ្រាប់ ចូលទៅសមុទ្រខាងលិចចេញពីតំបន់ Onchon របស់ខេត្តព្យុងហ្គានខាងត្បូង(South Pyongan) ។
ការបាញ់នេះមានឡើង ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាបឋមរយៈពេល៤ថ្ងៃ កាលពីម្សិលមិញ ជាការត្រៀមសម្រាប់ការហ្វឹកហាត់បាញ់គ្រាប់ពិតដែលបានផ្អាកជាយូរមកហើយ មានឈ្មោះថា Ulchi Freedom Shield ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២២សីហា ដល់១កញ្ញា ។
ចំណែកលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាននិយាយថា លោក មានបំណងផ្ដល់ជំនួយសេដ្ឋកិច្ចតាមដំណាក់កាល ដល់កូរ៉េខាងជើង បើប្រទេសនេះបញ្ចប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងចាប់ផ្ដើមរំសាយនុយក្លេអ៊ែរ ស្របពេលលោកឆ្លើយសំនួរអំឡុង សន្និសីទសារព័ត៌មានរំម្លឹកដល់ការឡើងកាន់អំណាចរយៈពេល១០០ថ្ងៃដំបូងរបស់លោក៕