(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់អ្អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន យធវើរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឱ្យមានតុល្យភាព និងឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
សម្តេចតេជោ បានថ្លែងជំរុញបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក វិទិត មុនតាប៊ន នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។ លោក វិទិត មុនតាប៊ន ជនជាតិថៃ ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួស លោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។
លោកបានផ្តើមទស្សនកិច្ចការងាររបស់លោកជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ក្នុងដំណើរមកកាន់កម្ពុជាជាលើកដំបូងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លើការងារសិទ្ធិមនុស្សនៅកម្ពុជានេះ លោក វិទិត មុនតាប៊ន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន មុននឹងចូលជួបជាមួយអ្នកពាក់ព័ន្ធទាំងភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបជាមួយសម្តេចតេជោ លោក លោក វិទិត មុនតាប៊ន បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជា។
លោក វិទិត មុនតាប៊ន ក៏បានសូមស្វែងយល់ពីសម្តេចតេជោ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានអាស៊ានលើការងារសំខាន់ចំនួន៤ រួមមាន៖ ១) តួនាទីអាស៊ានក្នុងការពង្រឹងសិទ្ធិមនុស្ស, ២) ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិកាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, លំហរប្រជាធិបតេយ្យ និងសកម្មភាពអង្គការសង្គមស៊ីវិល ការបោះឆ្នោត និងទី៤) អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការរវាងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស និងរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ជាក់ច្បាស់លើបញ្ហាសំណើនីមួយៗ ដែលលើកឡើងដោយ លោក វិទិត មុនតាប៊ន។
ពាក់ព័ន្ធការងារគ្រប់គ្រងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាសង្គមក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញគោលនយោបាយគាំពារសង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយសារជំងឺកូវីដ១៩។ ការដំឡើងបៀវត្សរ៍មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួលប្រាក់សោធននិវត្តន៍របស់មន្ត្រីរាជការ និងអតីតយុទ្ធជន។ ការអនុវត្តន៍ប្រាក់សោធននិវត្តន៍សម្រាប់កម្មករ និយោជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិស្តីពីច្បាប់ការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត។
សម្តេចតេជោ បានបន្ថែមថា ការរីករាលដាលជំងឺកូវីដ១៩ បានផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ព្រមទាំងបានជះឥទ្ធិពលលើគ្រប់វិស័យនៅកម្ពុជាកម្ពុជា។ ក្នុងបរិការនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ ម៉ត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គម មានដូចជា៖ ការបញ្ចេញកញ្ចប់ថវិកាជាតិ និងដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដែលនេះជាការធានាសិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ សិទ្ធិរស់រានមានជីវិតត្រូវបានផ្តល់ជាអាទិភាព និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ យុទ្ធសាស្ត្រផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង និងជនបរទេស ដោយសម្រេចបានអត្រាជាង ៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋទូទាំងប្រទេស។
បន្ថែមពីលើនោះ ច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្នត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាច់សាហាវ ប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ច្បាប់ទាំងអស់នេះ រៀបចំឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ការចោទប្រកាន់ថា បទបញ្ញត្តិទាំងនេះ ដើម្បីរឹតបន្តឹងលំហរសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចដែរថា រាល់លិខិតបទដ្ឋានគតិយុត្តិទាំងអស់ ដែលបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ គឺប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមមាត្រ ដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋគោរពច្បាប់ និងការពារបទល្មើសនានា ដែលបង្កអស្ថិរភាពសង្គម ប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ និងសណ្តាប់ថ្នាប់សាធារណៈ។
ពាក់ព័ន្ធលំហរសេរីភាពអង្គការសង្គមស៊ីវិល និងការបោះឆ្នោតវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនិយាមនៃការអនុវត្តន៍ជាសាកលលទ្ធិប្រជាធិបតេយ្យ ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ។ ការអនុវត្តន៍ប្រជាធិបតេយ្យ ដោយមិនមាននីតិរដ្ឋ នឹងនាំទៅជាអាណាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជាចង់ឱ្យតួអង្គទាំងអស់ក្នុងកិច្ចដំណើរការប្រជាធិបតេយ្យត្រូវមានការទទួលខុសត្រូវ ធ្រិះគន់ដោយស្ថាបនា មិនអុជអាល មិនបង្កើតការស្អប់ខ្ពើមពូជសាសន៍ ជាពិសេសមិនសាបព្រោះការស្អប់រវាងខ្មែរ និងខ្មែរ ដែលអាចនាំឱ្យមានសង្គ្រាមស៊ីវិល។ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថិរភាព មានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចមានខ្វះធាតុណាមួយបាននោះទេ។
ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជា បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ចាប់តាំងពីឆ្នាំ១៩៩៣មក។ មកដល់ពេលនេះកម្ពុជា បានរៀបចំការបោះឆ្នោតសាកលចំនួន៦ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៥ដង ហើយត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី និងយុត្តិធម៌។
សម្តេចតេជោ បានគូសរំលេចថា កម្ពុជា មានមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត្យ មានសន្តិសុខ របៀបរៀបរយគ្មានអំពើហិង្សា និងការគំរាមកំហែង ព្រមទាំងមានគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋជាង ៨០ភាគរយទៅចូលរួមបោះឆ្នោត។
ពាក់ព័ន្ធការងារអាទិភាពជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរវាងរាជរដ្ឋាភិបាលកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិលើការងារសិទ្ធិមនុស្សវិញ សម្តេចតេជោ បានស្នើឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេស គួររៀបចំរបាយការណ៍ដែលឆ្លុះបញ្ចាំងការពិតជាក់ស្តែង ត្រឹមត្រូវ និងមានតម្លាភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេស គួរយកចិត្តទុកដាក់ដោះស្រាយនូវនិន្នាការដ៏គួរឱ្យព្រួយបារម្ភពាក់ព័ន្ធសិទ្ធិមនុស្ស ដូចជាការប្រើសម្តីស្អប់ខ្ពើម ការបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអុជអាល និងការញុះញង់ដែលជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ។
បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោក វិទិត មុនតាប៊ន ក៏បានកត់សម្គាល់ពីការអនុវត្តន៍ច្បាប់នៅកម្ពុជាផងដែរ។ ពាក់ព័ន្ធបញ្ហាច្បាប់នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយពេលលោក កើត រិទ្ធ ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺបានពន្លឿនការជាប់គាំងសំណុំរឿងនៅតុលាការ ហើយសំណុំរឿងជាច្រើនត្រូវបានលើកមកជំនុំជម្រះផងដែរ។ បន្ថែមពីលើនោះ ក្រសួងយុត្តិធម៌ ក៏បានរៀបចំយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលបានរួមចំណែកដោះស្រាយបញ្ហាជាច្រើន។
លោក វិទិត មុនតាប៊ន ក៏បានកត់សម្គាល់លើសំណុំរឿងរបស់អ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។ ក្នុងចំណុចនេះ សម្តេចតេជោ បានរំលឹកថា មានប្រទេស និងអង្គការមួយចំនួនចង់ឱ្យកម្ពុជាយកអធិបតេយ្យជាតិដោះដូរ ដែលកម្ពុជាមិនអាចធ្វើបាននោះឡើយ។ សម្តេចតេជោ បានបន្ថែមថា ដំណើរការរបស់តុលការជាសិទ្ធិរបស់តុលាការ ដែលរាជរដ្ឋាភិបាលមិនអាចទៅលូកដៃ ឬបង្គាប់បញ្ជាបាននោះឡើយ។
មុននឹងបញ្ចប់កិច្ចពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ លោក វិទិត មុនតាប៊ន ពិចារណា និងពិនិត្យធ្វើរបាយការណ៍ឱ្យមានតុល្យភាព មិនអាចម្ខាងថា រក្សាការសម្ងាត់ ហើយម្ខាងទាមទារឱ្យមានគណនេយ្យភាពនោះទេ៕