ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកទីប្រឹក្សារដ្ឋចិន មកកាន់ប្រទេសកម្ពុជា

ឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកទីប្រឹក្សារដ្ឋចិន មកកាន់ប្រទេសកម្ពុជា

(ភ្នំពេញ)៖ នាថ្ងៃទី១២ខែសីហា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទទួលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ដោយផ្តោតសំខាន់លើ «សមិទ្ធផលផ្លែផ្កាធំៗទាំង៦» ក្នុងដំណើរទស្សនកិច្ចរបស់លោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា និងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

លោក Wang Wentian បានលើកឡើងថា ចាប់ពីថ្ងៃទី២ដល់៦ ខែសីហា លោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា និង បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

នេះជាលើកទីមួយដែលកិច្ចប្រជុំពាក់ព័ន្ធថ្នាក់រដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាត្រូវបានរៀបចំឡើងដោយផ្ទាល់ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ លោក Wang Yi បានចូលរួមកិច្ចប្រជុំទ្វេភាគីនិងពហុភាគីចំនួន១៩លើក ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ និងសម្រេចបាន «សមិទ្ធផលផ្លែផ្កាធំៗទាំង៦»៖

១៖ បានទទួលការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់លោកនាលើកនេះស្របពេលដែល លោកស្រី Pelosi កំពុងតែបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ប្រទេសចិន។ នៅក្នុងគ្រប់កិច្ចប្រជុំទាំងទ្វេភាគីនិងពហុភាគី លោក Wang Yi បានបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ភាគីចិន ចំពោះទង្វើនៃការបង្កបញ្ហារបស់ភាគីអាមេរិកដែលបានរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន លើកឡើងថាទង្វើដ៏អាក្រក់បំផុតនេះដែលបង្កឡើងដោយលោកស្រី Pelosi បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ បានបំពានយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពចិន បានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមប្រតិបត្តិទំនាក់ទំនងអន្តរជាតិ។
ការមិនគោរពតាមសន្យា ប្រើល្បិចកលបង្កបញ្ហាដោយចេតនាលើបញ្ហាកោះតៃវ៉ាន់ប្រទេសចិន មានតែធ្វើឱ្យភាពជឿជាក់របស់អាមេរិកកាន់តែចុះខ្យោយប៉ុណ្ណោះ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីគោលជំហរ ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និង គាំទ្រប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន។

ប្រទេសរ៉ុស្ស៊ី ឡាវ ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី បង់ក្លាដែស ក្រិក ទួកគី នូវែលសេឡង់ និងប្រទេសដទៃទៀតក្នុងសកម្មភាពទ្វេភាគី និងពហុភាគីនៃកិច្ចប្រជុំបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថានឹងរក្សាបាននូវសន្តិភាព និងស្ថិរភាពនៃបរិយាកាសអន្តរជាតិនិងក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មី អំពីគោលនយោបាយចិនតែមួយ និង អំពាវនាវឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។

២៖ បានវាយបកទៅនឹងការចោទប្រកាន់ផ្ដេសផ្ដាសបំផុតរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងឱកាសនៃកិច្ចប្រជុំខាងលើប្រទេសមួយចំនួនមិនត្រឹមតែផ្សព្វផ្សាយ ពាក្យពេចន៍ចចាមអារ៉ាម ពីស្ថានភាពច្រកសមុទ្រកោះតៃវ៉ាន់, បង្ខូចអ្នកដទៃផ្ដេសផ្ដាសទាំងខ្លួនឯងបានប្រព្រឹត្តកំហុស និងបានបង្ខូចវិធានការរបស់ភាគីចិន ក្នុងការប្រឆាំងការដាក់ទណ្ឌលប៉ុណ្ណោះទេ ថែមទាំងបានបញ្ចេញមតិផ្ដេសផ្ដាសលាបពណ៌លើជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ លោក Wang Yi មិនត្រឹមតែបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រជុំប៉ុណ្ណោះទេ ថែមទាំងបានពន្យល់ពីការពិតនៃបញ្ហានេះ ការពារអធិបតេយ្យភាពជាតិ និងប្រកាន់ខ្ជាប់នូវយុត្តិធម៌អន្តរជាតិ និងព្រមទាំងអញ្ជើញទទួលកិច្ចសម្ភាស៍ជាច្រើនដងជាមួយសារព័ត៌មាន ដោយបង្ហាញទាំងស្រុងពីគោលជំហររបស់ភាគីចិន បានព្រមានសហរដ្ឋអាមេរិកកុំធ្វើសកម្មភាពដោយគ្មានការគិតពិចារណា កុំបង្កើតវិបត្តិកាន់តែធំ ហើយបានព្រមានសហរដ្ឋអាមេរិកឱ្យអនុវត្តតាមកការសន្យារបស់ខ្លួន ដោយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនលើបញ្ហាកោះតៃវ៉ាន់ បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និង បញ្ឈប់ការបញ្ចុះបញ្ចូលនិងគាំទ្រកងកម្លាំង“ឯករាជ្យកោះតៃវ៉ាន់”។

លោកបានចង្អុលបង្ហាញថា ហានិភ័យធំបំផុតដែលប៉ះពាល់ដល់បច្ចុប្បន្នភាពសន្តិភាព និង ស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺការជ្រៀតជ្រែកមិនត្រឹមត្រូវ និង ការរំខានជាញឹកញាប់របស់មហាអំណាចធំៗនៅខាងក្រៅតំបន់ ទាមទារឱ្យប្រទេសក្រៅតំបន់គោរពតាមកាតព្វកិច្ចរបស់ខ្លួន និងគោរពយ៉ាងស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និង ប្រទេសនានាក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។

៣៖ បានបញ្ចេញសម្លេងដ៏ខ្លាំងក្លានៅក្នុងសម័យកាល ដែលខិតខំអភិវឌ្ឍប្រកបដោយសន្តិវិធី។ លោក Wang Yi បានចង្អុលបង្ហាញថា ពិភពលោកកំពុងតែផ្លាស់ប្ដូរឥតឈប់ឈរ និង ការប្រឈមនឹងបញ្ហាជំងឺកូវីដ១៩មិនធ្លាប់មានពីមុនមក ស្ថានភាពអន្តរជាតិនិងក្នុងតំបន់មានភាពស្មុគ្រស្មាញ ភាពលេចធ្លោដែលមានលក្ខណៈមិនច្បាស់លាស់និងគ្មានស្ថិរភាព ប៉ុន្ដែក្តីរំពឹងទុកនៃប្រទេសក្នុងតំបន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ជំរុញសន្តិសុខរួមមិនត្រូវបានផ្លាស់ប្តូរឡើយ សង្ឃឹមថាការពន្លឿនស្តារសេដ្ឋកិច្ចឡើងវិញ និងការសម្រេចបាន នូវតម្រូវការ អភិវឌ្ឍប្រកបដោយចីរភាពនឹងមិនត្រូវបានផ្លាស់ប្តូរ ស្មារតីនៃការរួបរួមសាមគ្គីកិច្ចសហប្រតិបត្តិការ, ការពុះពាររាល់ឧបសគ្គជាមួយគ្នាក៏មិនត្រូវបានផ្លាស់ប្ដូរផងដែរ។

បណ្តាប្រទេសក្នុងតំបន់គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សន្តិសុខរួមយកចិត្តទុកដាក់ និងគោរពចំពោះកង្វល់បញ្ហាសន្តិសុខស្របច្បាប់របស់ប្រទេសដទៃ រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យបានល្អ។ គំនិតផ្តួចផ្តើមសន្តិសុខពិភពលោកដែលលើកឡើងដោយ លោក Xi Jinping ប្រធានាធិបតីចិន មានភាពស៊ីសង្វាក់គ្នាទៅនឹងគោលគំនិតសន្តិសុខដែលលើកឡើងដោយអាស៊ាន ស្របតាមគោលបំណងនៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការចំណងមិត្តភាពអាស៊ីអាគ្នេយ៍ ដែលអាចពិភាក្សាអំពីការអនុវត្តគំនិតផ្តួចផ្តើមនៅក្នុងអាស៊ាន។ គោលជំហររបស់ភាគីចិនទទួលបានការឆ្លើយតបវិជ្ជមានពីបណ្ដាភាគីដែលចូលរួម។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃវេទិកាតំបន់អាស៊ានបានចេញសេចក្តីថ្លែងការណ៍ ស្តីពីការបញ្ជាក់ឡើងវិញនូវការថែរក្សាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរដែលស្នើឡើងដោយភាគីចិន ចំណុចស្នូលនោះគឺគាំទ្រដល់ការខិតខំប្រឹងប្រែងទប់ស្កាត់រីកសាយភាយនៅបណ្តាប្រទេសក្នុងតំបន់។

៤៖ បានការពាររចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ ដែលយកអាស៊ានជាចំណុចកណ្ដាល។ សហរដ្ឋអាមេរិកដើរអំពាយនាយយុទ្ធសាស្ត្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» បានបង្កើត «ក្រុមតូច» នៅក្នុងតំបន់នេះ ធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។ លោក Wang Yi បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាត្រូវតែរក្សាទិសដៅត្រឹមត្រូវ ប្រកាន់ខ្ជាប់ការបើកចំហនិងបរិយាប័ន្ន ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តអាស៊ីធ្វើជាវេទិកានៃកិច្ចសហប្រតិបត្តិការដ៏ធំ និងខ្លាំងក្លាដែលយកអាស៊ានជាចំណុចកណ្ដាល ប្រឆាំងនឹងការគូរបន្ទាត់មនោគមវិជ្ជា ប្រឆាំងនាំយកការប្រឈមមុខដាក់គ្នានៅក្នុងក្រុម ប្រឆាំងក្រុមតូចៗដែលមានលក្ខណៈរើសអើង និងអាចប៉ះទង្គិចដល់រចនាសម្ព័ន្ធក្នុងតំបន់។

ក្នុងជំនួបនោះ ភាគីចិនបានចេញឯកសារគោលជំហរ គាំទ្រយ៉ាងច្បាស់នូវរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលយកអាស៊ានជាចំណុចកណ្ដាល ជំរុញការបង្កើនប្រសិទ្ធភាពស៊ីសង្វាក់គ្នា រវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង គំនិតផ្តួចផ្ដើមអភិវឌ្ឍន៍សកល ជាមួយនឹងទស្សនវិស័យអាស៊ានឥណ្ឌូប៉ាស៊ីហ្វិក បណ្តាប្រទេសក្នុងអាស៊ានបានបង្ហាញការស្វាគមន៍។ បណ្ដាភាគីទាំងអស់យល់ថា ត្រូវប្រកាន់ខ្ជាប់នូវតំបន់បើកចំហនិយម ផ្សព្វផ្សាយពហុភាគីនិយមពិតប្រាកដ និងរួមចំណែកដល់“ផែនការអាស៊ី” និង «កម្លាំងអាស៊ី»។ ត្រូវប្រុងប្រយ័ត្នកម្លាំងខាងក្រៅដែលបង្កឱ្យមានការប្រឆាំងក្នុងក្រុម ការពារស្ថានភាពសន្តិភាព និង ការអភិវឌ្ឍន៍ដែលបានមកដោយលំបាក។

៥៖ បានពង្រីកទីតាំងនិងខ្លឹមសាថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ សមិទ្ធផលដ៏ធំបំផុតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន គឺការអនុវត្តទាំងស្រុងនូវកុងសុងស៊ីស ក្នុងខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន បានរៀបចំនិងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលទទួលបានក្នុងវិស័យចំនួន៣៦ ក្នុងការស្ថាបនា“ភូមិដ្ឋានទាំង៥”អស់រយៈពេលជាង៦ខែនេះ បានកំណត់ផែនការសកម្មភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន – អាស៊ាន និងបានរៀបចំចំណុចសំខាន់ និង ទិសដៅនៃកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត។ លោក Wang Yi បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់គួរតែបន្តប្រកាន់ខ្ជាប់នូវ «ការអភិវឌ្ឍន៍ជាអាទិភាព និងជីវភាពរស់នៅប្រជាជនជាអាទិភាព» បង្កើនការចូលរួមក្នុងវិស័យកាត់បន្ថយភាពក្រីក្រជាដើម ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍបានកាន់តែល្អប្រសើរ និង សម្រេចបាននូវការអភិវឌ្ឍន៍រួម។

ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាពាក់ព័ន្ធ ក្រោមក្របខណ្ឌចិន-អាស៊ាន (១០+១) និងចិន-ជប៉ុន-កូរ៉េខាងត្បូង-អាស៊ាន (១០+៣) រួមទាំងការអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទំនាក់ទំនង លើវិស័យមាន សន្តិសុខស្បៀង, គាំទ្រការវិនិយោគពាណិជ្ជកម្មដែលមានលក្ខណៈសេរីនិងងាយស្រួល, ការគាំទ្រកសាងមជ្ឈមណ្ឌលផ្គត់ផ្គង់សម្ភារវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ ១០+៣, ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ពាណិជ្ជកម្មអេឡិចត្រូនិក, ភស្តុភារឌីជីថល, ទីក្រុងឆ្លាតវៃជាដើម ក៏ទទួលបានការស្វាគមន៍ពីបណ្ដាភាគីដែលចូលរួម។ បណ្ដាភាគីបានឯកភាពគ្នាស្ថាបនា «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ ចូលរួមយ៉ាងសកម្មក្នុងការកសាងច្រករបៀងដីគោកថ្មី ធានាឱ្យមានដំណើរការរលូននូវ
សង្វាក់ផ្គត់ផ្គង់ រក្សាសន្តិសុខស្បៀង និងថាមពល ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសម្អាតថាមពល បន្តបណ្តុះបណ្ដាលនូវចំណុចរីកចម្រើនថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ។

៦៖ បានជំរុញការកសាងសហគមន៍វាសនារួម រវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំ។ ក្នុងឱកាសដែលលោក Wang Yi បានបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា លោក បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងអញ្ជើញមានជំនួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា ដោយបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើប្រធានបទដូចជា ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ បញ្ហាអន្តរជាតិ និងក្នុងតំបន់ដែលជាការព្រួយបារម្ភរួម និង បានកំណត់កុងសុងស៊ីសយ៉ាងទូលំទូលាយ។

ភាគីទាំងពីរយល់ថា ចិននិងកម្ពុជារក្សាទំនាក់ទំនងកម្រិតខ្ពស់យ៉ាងល្អប្រសើរ បន្តជំរុញទំនុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយបញ្ចូលកម្លាំងជំរុញយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ត្រូវពង្រឹងឱ្យមានមូលដ្ឋានរឹងមាំ ការកសាងរួមគ្នាប្រកបដោយគុណភាពខ្ពស់នៃ «ខ្សែក្រវាត់និងផ្លូវ» ទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ។

ប្រទេសទាំងពីរបានសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ វ៉ាក់សាំងកូវីដរបស់ចិនមានប្រសិទ្ធភាពក្នុងការជួយកម្ពុជាការពារអាយុជីវិតនិងសុខភាពប្រជាជន ពន្លឿនការស្តារសេដ្ឋកិច្ចនិងស្តារជីវភាពរស់នៅក្នុងសង្គមសាជាថ្មី។ ភាគីទាំងពីរបានឯកភាពពង្រឹងការផ្ទៀងផ្ទាត់ជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានិង RCEP និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម, មនុស្សសាស្រ្ត, ការពារជាតិ និងយុវជនជាដើម។ ភាគីចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំងតាមតម្រូវការរបស់កម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យឱសថបុរាណចិន នាំចូលផលិតផលកសិកម្មដែលគុណភាពខ្ពស់ពីកម្ពុជាបន្ថែមទៀត បង្កើនជើងហោះហើរពីកម្ពុជាទៅកាន់ប្រទេសចិន និងជួយសម្រួលដល់និស្សិតកម្ពុជាអាចត្រឡប់ទៅកាន់ប្រទេសចិន ដើម្បីបន្តការសិក្សា។

ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ចិននិងកម្ពុជាគឺជាអ្នកជិតខាងប្រពៃណី និងជាមិត្តដែកថែបនឹងគ្នា។ ចំណងមិត្តភាពរវាងចិន-កម្ពុជាដែលត្រូវបានបង្កើតឡើង និង បីបាច់ដោយផ្ទាល់ពីថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឆ្លងកាត់ការសាកល្បងនៃព្យុះភ្លៀងនិងឧបសគ្គជាច្រើន ដែលធ្វើឱ្យទំនាក់ទំនងមួយនេះរឹងមាំដូចថ្មមិនអាចបំបែកបាន។ ទំនាក់ទំនងចិន-កម្ពុជាស្ថិតក្នុងដំណាក់កាលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយកំពុងតែស្ថិតក្នុងឱកាស ដែលមិនធ្លាប់មានពីមុនមក ភាគីចិនរីករាយសហការជាមួយកម្ពុជា ចាប់យកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយជាឱកាស ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយនិងយុទ្ធសាស្ត្រ លើកកម្ពស់កិច្ចទប់ស្កាត់ជំងឺកូវីដនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឱ្យមាគ៌ានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា-ចិនកាន់តែរីកចម្រើនទៅមុខ កាន់តែទូលំទូលាយល្អប្រសើរ។ ភាគីចិនបន្តគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកាតព្វកិច្ចរបស់កម្ពុជាដែលជាប្រធានប្តូរវេននៃអាស៊ាននៅឆ្នាំ២០២២ ជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឥតឈប់ឈរ និង រួមចំណែកថ្មីនិងកាន់តែធំធេងសម្រាប់សន្តិភាពស្ថិរភាព និង វិបុលភាពក្នុងតំបន់និងពិភពលោក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |