ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញកង់ មានទំហំទឹកប្រាក់ចំនួនប្រមាណ ៥២០លានដុល្លារអាមេរិកកើនឡើងជាង ១៤៤% ក្នុងនោះ ចាប់ពីឆ្នាំ២០២០ កម្ពុជា គឺជាប្រទេសទីមួយ ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។
ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តី ពីសមិទ្ធផលសម្រេចបានរយៈពេល៥ ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ នេះថា ការនាំចេញកង់កម្ពុជា បានជាប់លំដាប់ថ្នាក់លេខ៥ លើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខមួយ នៃការនាំចេញទៅកាន់សហគមន៍អឺរ៉ុប ជាក់ស្តែងក្នុងរយៈពេល៦ ខែក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលនេះ មានទំហំទឹកប្រាក់ចំនួនប្រមាណ ៥២០ លានដុល្លារអាមេរិក កើនឡើងជាង ១៤៤%។
ឯកឧត្តម ហេង សុខគង់ បន្ថែមថា ទោះបីស្ថិតក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដឥ១៩ ក៏ដោយ កម្ពុជានៅតែទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្ម ដែលធ្វើឱ្យម្ចាស់រោងចក្រ សហគ្រាស គ្មានការបារម្ភពីកង្វះវត្ថុធាតុដើម ឬការបិទទ្វាររោងចក្រនោះឡើយ នេះគឺដោយសារកម្ពុជាបានចាក់វ៉ាក់សាំង បង្កើតភាពស៊ាំក្នុងសហគមន៍ ដោយបានបង្កើនទំនុកចិត្តសម្រាប់អ្នកបញ្ជាទិញ និងអ្នកវិនិយោគ៕