(ហុងកុង)៖ រដ្ឋាភិបាលចិន ប្រកាសតែងតាំងលោក សុននី អ៊ូ (Sonny Au) ជាប្រធានក្រុមប្រឹក្សាការពារសន្តិសុខជាតិ នៃតំបន់រដ្ឋបាលពិសេសហុងកុង ជំនួសលោក អេរីច ចាន់ ( Eric Chan)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួ នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។
ការសម្រេចនេះបានធ្វើឡើង កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅ ស្របតាមលក្ខខណ្ឌនៃច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិន ស្តីពីការការពារសន្តិសុខជាតិ ទីក្រុងហុងកុង និងផ្អែកតាមការតែងតាំង ក៏ដូចជាការផ្តល់យោបល់ពីមេដឹកនាំហុងកុង គឺលោក ចន លី (John Lee)។
គួរបញ្ជាក់ថា លោក សុននី អ៊ូ មានអាយុ ៦១ឆ្នាំ ធ្លាប់ជាជំនួយការ និងជាអ្នកការពាររបស់មេដឹកនាំដំបូងរបស់ហុងកុងគឺ លោក ទុង ឈីវ៉ា (Tung Chee-hwa) នៅចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០០២។ ក្រោយមកក្នុងនាមជាអគ្គនាយកនៃផ្នែកសន្តិសុខ លោក អ៊ូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ចន លី ដែលនៅពេល នោះនៅជាប្រធានផ្នែកឧក្រិដ្ឋកម្ម និងសន្តិសុខ។ លោក អ៊ូ ត្រូវបានគេយល់ថា គឺជាជំនួយការដ៏គួរឱ្យទុកចិត្តរបស់លោក ចន លី មេដឹកនាំទីក្រុងហុងកុងបច្ចុប្បន្ន៕