(ភ្នំពេញ)៖ ក្នុងសន្និសីទកាសែតចេញពីប្រទេសកម្ពុជា លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់ទៅអាមេរិក ឲ្យលែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រោយពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ លោក វ៉ាង យី បានធ្វើសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ ។ ក្នុងសន្និសីទ សារព័ត៌មាន លោក វ៉ាង យី បានថ្លែងថា គោលជំហររបស់ចិន គឺសំដៅទៅលើការគាំពារប្រជាជនចិនយ៉ាងមុតមាំ និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការយកតៃវ៉ាន់ជាលេស ទប់ស្កាត់ប្រទេសចិន ។
លោក វ៉ាង យី គូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ពឹងលើតៃវ៉ាន់ទប់ស្កាត់ប្រទេសចិនគ្រាន់តែជាការគិតស្រម៉ៃទទេទេ វាមិនអាចរារាំងការវិលត្រឡប់មកមាតុប្រទេសចិនវិញរបស់តៃវ៉ាន់ ហើយកាន់តែរារាំងមិនបាននូវបុព្វហេតុស្តារភាពរុងរឿងឡើងវិញនៃប្រទេសចិនទៀតផង ។
លោក វ៉ាង យី បានថ្លែងទៀតថា លោក Newt Gingrich ធ្លាប់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ នេះជាកំហុសដ៏ធ្ងន់ធ្ងរ។ រដ្ឋាភិបាលចិន ប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ ។
លោកបន្តថា «អាមេរិកមិនអាចយកកំហុសកាលពីមុនធ្វើជាលេសដែលបន្តធ្វើខុសនាពេលបច្ចុប្បន្នបានទេ នេះមិនមែនជាមូលហេតុទេ ។ ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងជាចំហថា សង្ឃឹមថាគ្រប់ភាគីនានាគោរពបទបញ្ញត្តិ គាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ។ បើអាមេរិកចង់កែកំហុសនោះ ត្រូវតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន លែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លើបញ្ហាតៃវ៉ាន់»។
លោកថ្លែងទៀតថា «តាមខ្ញុំដឹង អាមេរិកកំពុងប៉ុនប៉ងបង្កើនសកម្មភាពយោធានៅកោះតៃវ៉ាន់ ។ ខ្ញុំសូមរំលឹកថា សូមអាមេរិកកុំបង្កវិបត្តិកាន់តែធំ» ។
លោក វ៉ាង យី យល់ឃើញថា កម្ពុជាធ្វើបានល្អ ដោយបានរួមចំណែកយ៉ាងវិជ្ជមាន ក្នុងកិច្ចសហប្រតិបត្តិការអាស៉ី-បូព៌ា ។ លោកសូមកោតសរសើរសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។
«យើងនឹងបន្តគាំទ្រប្រទេសកម្ពុជាយ៉ាងម៉ឺងម៉ាត់។ ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជាមុខជានឹងបំពេញកាតព្វកិច្ចជាប្រទេសប្រធានប្ដូរវេននៃអាស៊ានឱ្យបានល្អ ហើយនឹងជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាស៊ានឈានដល់កម្រិតថ្មីមួយទៀត» ។ នេះជាការថ្លែងរបស់លោក វ៉ាង យី ៕