(តូក្យូ)៖ កងទ័ពជើងទឹកអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan កំពុងធ្វើប្រតិបត្តិការតាមការគ្រោងទុក នៅលើផ្ទៃសមុទ្រហ្វីលីពីន ដែលស្ថិតក្នុងតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។
អ្នកនាំពាក្យនៃកងនាវា 7th Fleet របស់ទ័ពជើងទឹកអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «នាវាផ្ទុកយន្តហោះចម្បាំង Ronald Reagan រួមជាមួយក្រុមនាវាចម្បាំងអមដំណើរ កំពុងតែស្ថិតនៅសមុទ្រហ្វីលីពីន ដើម្បីបន្តធ្វើប្រតិបត្តិការជាធម្មតា ទៅតាមការគ្រោងទុក នៅក្រោមក្របខណ្ឌ នៃដំណើរល្បាតជាប្រចាំរបស់ខ្លួន ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។
នាវាផ្ទុកយន្តហោះចម្បាំងខាងលើនេះហើយ ដែលសហរដ្ឋអាមេរិក បានចល័តទៅក្បែរកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅពេលប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ចំពោះមុខការព្រមានពីទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា ជាការឆ្លើយតបចំពោះទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី ចិននៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មាននៅព័ទ្ធជុំវិញកោះតៃវ៉ាន់ ដែលរួមមានទាំងការបាញ់គ្រាប់ពិត ហើយវានឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕