ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូមួយចំនួនបានមកដល់ប្រទេសកម្ពុជា ជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២២នេះ។
យោងតាមកម្មវិធីរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួននឹងមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥។
កម្មវិធីបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និងសហគមន៍អឺរ៉ុប នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួងការបរទេសអាស៊ាន និងអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែសីហានេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ប្រទេសសហភាពអឺរ៉ុប និងប្រទេសទីម៉ឡេស បានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព និងមានការទទួលរាក់ទាក់ និងការពារបានយ៉ាងល្អពីសំណាក់មន្រ្តី និងអាជ្ញាធររបស់កម្ពុជា។
ដោយឡែកសម្រាប់ថ្ងៃទី៣ ខែសីហានេះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលលោកនឹងធ្វើការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យ នៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
លោករដ្ឋមន្ត្រីក៏នឹងជួបទ្វេភាគីផងដែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និង កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង ទ្វេភាគីរបស់យើងជាមួយកម្ពុជា។
សូមបញ្ជាក់ថា ក្នុងពេញមួយឆ្នាំ២០២២នេះកម្ពុជា បាននិងកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ បានថ្លែងកាលពីកន្លងទៅថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២, កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បី ឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសម្នះនៃដំណើរការកសាងសហគមន៍ អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍មួយ»។ សម្តេចនាយករដ្ឋមន្រ្តីបានរំលេខនូវអាទិភាពការងារមួយចំនួនសម្រាប់ឆ្នាំ ២០២២ មាន សសរស្តម្ភនយោបាយនិងសន្តិសុខ, សសរស្តម្ភសេដ្ឋកិច្ច និងសសរស្តម្ភសង្គម-វប្បធម៌៕