(ភ្នំពេញ)៖ កិច្ចប្រជុំគណៈប្រតិភូនៃគណៈកម្មាធិការសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្តីពីសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) បានចាប់ផ្តើមតាមទម្រង់ផ្ទាល់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ហើយកំពុងបន្តកិច្ចប្រជុំ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានសង្ឃឹមថា ការចរចានឹងប្រព្រឹត្តទៅយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន (55th AMM and Related Meetings) ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំគណៈប្រតិភូនៃគណៈកម្មាធិការសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្តីពីសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហើយតាមការគ្រោងទុក កិច្ចប្រជុំនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖
* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
* រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២
* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។
សូមជម្រាបថា AMM ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំ AMM កាលពីឆ្នាំ២០០២ និង ២០១២៕