ភ្នំពេញ៖ គណបក្សនយោបាយមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់គាំទ្រពេញទំហឹងចំពោះកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាកម្ពុជានាថ្ងៃទី២៨ ខែកក្កដានេះ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មធម្មនុញ្ញលើមាត្រាមួយចំនួន ដោយគណបក្សទាំងនោះបានយល់ឃើញថាការធ្វើវិសោធនកម្មធម្មនុញ្ញលើកនេះគឺបានអនុវត្តស្របទៅតាមរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ខណៈគណបក្សនយោបាយ ចំនួនបួនផ្សេងទៀតបានសម្តែងក្តីកង្វល់ ដោយពួកគេចាត់ទុកថា ការធ្វើវិសោធនកម្មពេលនេះបានកាត់បន្ថយអំណាចរបស់រដ្ឋសភា។
យោងតាមសេចក្តីថ្លែងការណ៍ដាក់ដោយឡែកពីគ្នា របស់គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សកម្លាំងប្រជាធិបតេយ្យ បានលើកឡើងស្រដៀងគ្នាថា ពួកគេមានការគាំទ្រពេញទំហឹងចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលបាន អនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
តាមសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយទាំងប្រាំពីរខាងលើនេះ បានបញ្ជាក់ទៀតថា «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅដោយរលួន នៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិមាតុភូមិឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្រ្ត និងប្រជាជនខ្មែរ»។
សូមបញ្ជាក់ថា រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញទាំងមូល ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដោយសំឡេងទាំង ១០៥ នៃសមាជិកសភាដែលបានចូលរួមប្រជុំ ។ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញតាមបែបរបបសភានិយមប៉ុណ្ណោះទេ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាចថែមទៀត។
ទាក់ទងនឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញពេលនេះមានគណបក្សចំនួនបួន ដូចជាគណបក្សភ្លើងទៀន គណបក្សឆន្ទះខ្មែរ គណបក្សកែទម្រង់ខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន សម្តែងក្តីកង្វល់រហូតដល់បានដាក់ញ្ញាតិទៅកាន់ស្ថាប័នរដ្ឋសភា ដោយពួកគេអះអាងថា ការធ្វើវិសោធនកម្មនេះ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងអំណាចក្នុងរដ្ឋសភាជាដើម។
យ៉ាងណាក៏ដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថា ការលើកឡើងរបស់គណបក្សទាំងបួននេះគឺជាការលើកឡើងដោយមិនត្រឹមត្រូវ ជាការលើកឡើងដោយមិនយល់ដឹងច្បាស់លាស់ ទាំងមិនយល់លើខ្លឹមសារពិតប្រាកដ នៃដំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ និងទាំងលើប្រព័ន្ធដឹកនាំប្រទេសតាមរបបសភានិយមជាដើម៕