អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអង្គារបាននិយាយថា យោធារុស្ស៊ីបានបាត់បង់ជីវិតជិត ៤ម៉ឺននាក់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃលោក Zelenskyy បានថ្កោលទោសការវាយប្រហារចុងក្រោយលើទីក្រុងកំពង់ផែ Odesa។
រុស្ស៊ីបានដាក់គោលដៅលើទីក្រុង Odesa ដោយការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារ ដោយបានវាយប្រហារទៅលើអគារឯកជន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ប្រើប្រាស់គ្រាប់មីស៊ីលបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ។ មីស៊ីលដែលបានប្រើប្រាស់ត្រូវបានរៀបចំឡើងដើម្បីបំផ្លាញនាវាចម្បាំង និងគោលដៅសំខាន់ៗផ្សេងទៀត។ នៅថ្ងៃអង្គារដដែលនេះដែរប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហាញខ្លួនតាមបណ្តាញតភ្ជាប់វីដេអូនៅក្នុងពិធីមួយនៅទីក្រុងឡុងដ៍ ដើម្បីទទួលពានរង្វាន់ភាពជាអ្នកដឹកនាំ Winston Churchill។
ដោយអរគុណដល់អង្គការសង្គម Churchill អន្តរជាតិ និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលបានប្រគល់រង្វាន់ដល់លោក លោក Zelenskyy បានដកស្រង់សម្តីរបស់លោក Churchill នៅពេលដែលបានបញ្ចប់សង្គ្រាមលោកលើកទី2 នៅអឺរ៉ុប។ មេដឹកនាំអ៊ុយក្រែនបាននិយាយថា លោក Johnson សមនឹងទទួលបានពានរង្វាន់នេះច្រើនជាង ដោយបង្ហាញពីភាពជាអ្នកដឹកនាំរួមគ្នា អ៊ុយក្រែន អង់គ្លេស និងមនុស្សគ្រប់គ្នានឹងមិនបោះបង់សេរីភាពចំពោះជនផ្តាច់ការមួយចំនួន ទោះបីជាពួកគេប្រើអាវុធអ្វីប្រឆាំងនឹងយើងក៏ដោយ៕