(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាចុងក្រោយបំផុតមួយដើម្បីជួយទីក្រុងកៀវ ការពារខ្លួនឯងប្រឆាំងនឹងកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
ការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែនរបស់លោក អូស្ទីន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីដើមសប្ដាហ៍កន្លងទៅនេះបានបញ្ជាឱ្យឧត្ដមសេនីយ៍រុស្ស៉ីទាំងអស់ ផ្តោតជាអាទិភាពលើការកម្ទេចប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ និងប្រព័ន្ធ កាំភ្លើងធំ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច និងកំពុងប្រើវាយប្រហារលើកងទ័ពរុស្ស៉ី ក្នុងទឹកដីអ៊ុយក្រែន។
ថ្លែងនៅឯកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយសម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន លោក អូស្ទីន បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងនឹងបន្តស្វែងរក មធ្យោបាយក្នុងការរក្សាការគាំទ្ររយៈពេលវែង សម្រាប់កងកម្លាំងទាំងប្រុស ទាំងស្រីដ៏ក្លាហានរបស់អ៊ុយក្រែន ហើយយើងក៏នឹងសម្រួលដល់ការផ្ដល់ជំនួយដើម្បី ធានាឱ្យបានថាអ៊ុយក្រែនមានបច្ចេកវិទ្យា គ្រាប់រំសេវ និងមានសមត្ថភាពយោធាការពារខ្លួនឯងផងដែរ»។
គួរបញ្ជាក់ថា តាមរយៈប្រព័ន្ធអាវុធលោកខាងលិច អ៊ុយក្រែនបានអះអាងថាខ្លួនបានដឹកនាំការវាយប្រហារដោយជោគជ័យលើទីតាំង និងមូលដ្ឋានកងទ័ពរុស្ស៉ី ច្រើនជាង៣០កន្លែង នៅលើទឹកដីអ៊ុយក្រែន។ ដោយឡែក បើតាមនាយសេនាការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ ម៉ាក មីលលី (Mark Milley) កងកម្លាំងអ៊ុយក្រែនជាង ២០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រព័ន្ធមីស៊ីល HIMARS ហើយមកទល់នឹងពេលនេះមិនទាន់មានប្រព័ន្ធមីស៊ីល ណាមួយរងការបំផ្លិចបំផ្លាញដោយកងទ័ពរុស្ស៉ី ដូចដែលទីក្រុងមូស្គូបានអះអាងនោះទេ៕