ចិន៖ រដ្ឋាភិបាលចិនបានព្រមានកាលពីថ្ងៃអង្គារថា ខ្លួននឹងចាត់វិធានការដោយប្រើកម្លាំង ប្រសិនបើប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់ បន្ទាប់ពីសារព័ត៌មាន Financial Times បាននិយាយថា លោកស្រីនឹងទៅកាន់កោះនេះនៅខែក្រោយ។
កាសែតនេះបានបន្ថែមដោយដកស្រង់សម្ដីពីមនុស្សដែលដឹងពីបញ្ហានេះថា លោកស្រី Pelosi និងគណៈប្រតិភូរបស់លោកស្រីក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីផងដែរ ហើយចំណាយពេលនៅកោះហាវ៉ៃនៅឯទីស្នាក់ការកណ្តាលនៃទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ ការិយាល័យរបស់លោកស្រី និងក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters សម្រាប់ការធ្វើអត្ថាធិប្បាយទេ។ ក្រសួងការបរទេសកោះតៃវ៉ាន់បាននិយាយថា ខ្លួនមិនបានទទួលព័ត៌មានពាក់ព័ន្ធដំណើរទស្សនកិច្ចណាមួយឡើយ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំគណបក្សប្រជាធិបតេយ្យរូបនេះ ទៅកាន់តៃវ៉ាន់ត្រូវបានពន្យារពីខែមេសាបន្ទាប់ពីលោកស្រីបានធ្វើតេស្តវិជ្ជមានវីរុស COVID-19។ នៅពេលនោះចិនបាននិយាយថា ដំណើរទស្សនកិច្ចបែបនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-អាមេរិក។ ថ្លែងនៅក្នុងទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ដំណើរទស្សនកិច្ចណាមួយរបស់លោកស្រី Pelosi នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកទាំងអស់ដែលបង្កឡើងដោយសារតែបញ្ហានេះ៕