ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។
អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។
ឯកឧត្តម ម៉ម សារិន នាយកខុទ្ទកាល័យគណបក្សប្រជាជនកម្ពូជានិងជាគណ:ចាត់តាំងកម្មវិធី សន្និបាតបានបញ្ជាក់ថា៖អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។
ថ្លែងបើកសន្និបាត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា សន្និបាតនៅពេលនេះ បានបើកទូលាយទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួមជាមួយផងដែរ។
សម្ដេចប្រធានបានបន្តថា ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូស្រាល យើងក៏មានការជួបជុំនៅពេលនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា ការបើកសន្និបាតនាពេលនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។
សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងថា លទ្ធផលនៃការអនុវត្តទិសដៅ គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស ហើយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនបន្តទៀតក្នុងការដឹកនាំកម្ពុជា។
សម្ដេចពញាចក្រីក៏បានលើកឡើងអំពីលក្ខណៈពិសេសរបស់គណបក្សប្រជាជនថា៖ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។ ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចពញាចក្រី បានបញ្ជាក់ថា កម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញនូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សទទួលបានជ័យជម្នះនៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានលើកឡើងថា ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ពីប្រជាជនដល់គណបក្ស។
សម្ដេចវិបុលសេនាភក្ដី បានបញ្ជាក់ថា យើងមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណកម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះ មានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្ស ទៅធ្វើជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មានសមាជិកគណកម្មាធិការកណ្ដាលនៅសល់ចំនួន ៨២៦រូប ៕