ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីអបអរការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តម Daniel J, Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ និងកោតសរសើរដល់កិច្ចខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន២៧រូបនេះ។
ទន្ទឹមនឹងនោះឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត បានប្រកាសពីអំណោយថវិកាថ្មីមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ សម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ។
ឯកឧត្តម បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក មានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនដល់ការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានពីសហរដ្ឋអាមេរិក។
នៅក្នុងពិធីខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាមានកិត្តិយសចំពោះវត្តមានរបស់ឯកឧត្តម Daniel J, Kritenbrink ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងយើងនៅថ្ងៃនេះ ដើម្បីស្វាគមន៍នៃការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវសម្បត្តវប្បធម៌ខ្មែរចំនួន ២៧រូប។
លោកជំទាវ បណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណដោយស្មោះចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា និងធនធាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ តាមរយៈជំនួយពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជាពិសេសលោកជំទាវ ពិតជាមានសេចក្តីសោមនស្សរីករាយដែលទទួលបានជំនួយបន្ថែមទៀតសម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ៕