(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក ប្រាក់ សុខុន និងលោក Daniel Kritenbrink បានសម្តែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបាន ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ ប្រធានាធិបតី ចូ បៃឌិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភា កន្លងមកនេះ។
ឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានជម្រាបជូនឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ លោកឧបការី ក៏បានពាំនាំនូវការអះអាងជាថ្មីរបស់ រដ្ឋមន្រ្តីការបរទេស Antony Blinken អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់លោក ឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែ សេដ្ឋកិច្ច។ ឧបនាយករដ្ឋមន្រ្តី ក៏បានកើតសរសើរចំពោះជំនួយមនុស្សធម៌សហរដ្ឋអាមេរិក ដែលបានផ្តល់មកឱ្យកម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំង Pfizer និង Johnson & Johnson ជាង៣លានដូស តាមរយៈយន្តការកូវ៉ាក់ (COVAX) ក៏ដូចជាជំនួយអភិវឌ្ឍលើវិស័យអប់រំ សុខាភិបាល កសិកម្ម បម្រែបម្រួលអាកាសធាតុ ការបោសសម្អាតមីន ជាដើម ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថាជា «ប្រទេសដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ» ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងក្របខណ្ឌអាស៊ាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិកទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)។
ឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះការគាំទ្រនេះ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាអំពីការរៀបចំ និងបញ្ហាប្រឈមនានា នៅក្នុងកិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក Antony Blinken មកចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (PMC) ជាមួយសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកឧបការីរដ្ឋមន្ត្រីការបរទេសអំពីការវិវត្តនៃ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន ព្រមទាំងលទ្ធផលជាក់ស្តែងមួយចំនួនដែលសម្រេចបានរហូតមកដល់បច្ចុប្បន្ន ក្នុងគោលដៅ ខាងលើផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដោយត្រួសៗអំពីដំណើរទស្សនកិច្ចលើកទី២ របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ដោយសង្កត់ធ្ងន់អំពីវឌ្ឍនភាព ដែលសម្រេចបានក្នុងទស្សនកិច្ចជាពិសេសគឺការជួបប្រជុំជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ចំនួន៧ និងគណបក្សនយោបាយចំនួន៧ ដែលទទួលបានអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។
ឧបការីរដ្ឋមន្ត្រី Daniel Kritenbrink បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧបការីរដ្ឋមន្ត្រី Daniel Kritenbrink ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងមានផលប្រយោជន៍រួមផងដែរ៕