ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់រដ្ឋបាលរាជធានី ខេត្តកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះគ្រប់បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មបិទ ផ្លូវសាធារណៈដោយខុសច្បាប់។
ថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃ០៨ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់នៅកម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តទាំងនោះ ត្រូវទៅបង់ពន្ធជាដាច់ខាតចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នកដែលកក់ប្រាក់ពន្ធត្រូវទៅបង់បង្រ្គប់ប្រាក់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ ដោយទុកឱសានវាទរយៈពេល៣ខែទៀត គិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចមិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំទៀតជាដាច់ខាត ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តទៅនិងបានណែនាំដល់រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយភាគីថៃ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការចាប់ឃាត់រថយន្តចង្កូតស្តាំ ដែលនាំចូលមកតាមច្រកព្រំដែននានា និងត្រូវធានាថា មិនឱ្យមានរថយន្តចង្កូតស្តាំបន្តនាំចូលមកម្ពុជាទៀតនោះទេ។
ក្នុងករណីបំពានត្រូវចាប់រឹបអូសរថយន្តដោយមិនអនុញ្ញាតឱ្យបង់ពន្ធឡើយ នឹងត្រូវកម្ទេចចោលរាជរដ្ឋាភិបាលបានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការ តាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះគ្រប់បុគ្គល ឬនីតិបុគ្គល ទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់៕