(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់នៅមុននេះបន្តិចនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងអប់រំនឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០»។
លោក រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន៖
* គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាព សិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។ ល។
* គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី÷ រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។
* គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។
* គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស
* គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។
* ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។
អ្នកនាំពាក្យរូបនេះបន្ថែមថា ផ្អែកតាមបទពិសោធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕